សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោ កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហ ការដល់កម្ពុជា ពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និង បណ្តាប្រទេសទាំង ១០របស់អាស៊ាន

(ភ្នំពេញ) ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ នាទីស្ដីការក្រសួងមហាផ្ទៃ ។

ថ្លែងបើកិច្ចប្រជុំនាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ក៏ដូចជាជាប្រធានប្ដូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូមកពីប ណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ដែលបានឆ្លៀតឱ កាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥នៃបណ្តាញទីក្រុងឆ្លាតអាស៊ានតាមប្រព័ន្ធ Video Conference ដ៏មានសារៈសំខាន់នាពេលនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាននាថ្ងៃនេះ បានអនុញ្ញាតឲ្យសម្ដេចរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំ ហើយ បានដំណើរការដោយឈរលើស្មារតីស្នូល “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគម ន៍តែមួយ”។ សន្តិភាពនិងស្ថេរភាពដែលអាស៊ានទទួលបាន អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឲ្យអាស៊ានក្លាយជាតំបន់មានការរីក ចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា នៅក្នុងឱកាសស្វាគមន៍ គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ សម្តេចអគ្គមហាសេនាបតី ជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់ សម្រាប់ បណ្តាញទីក្រុងឆ្លាតអាស៊ាន។ គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។

ក្នុងគំនិតផ្តួចផ្តើមទីមួយនេះ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុង នានានៃបណ្តាប្រទេសអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់របស់យើង ទៅកាន់អនាគតបៃតងដែល មានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង ភាពប្រកួតប្រជែង ក្នុងផ្នែកសេដ្ឋកិច្ច គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារ និងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូរី ១៩ ប្រកបដោយប្រសិទ្ធភាព ។

ក្នុងន័យនេះបណ្តាក្រុងនានានៃបណ្តាប្រទេសអាស៊ាន ក៏ត្រូវបានទទួលស្គាល់ថា បានបំពេញតួនាទី យ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកសម្រេចកិច្ចការនេះ ដែលកន្លងមកទីក្រុងក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដែរ បានបំពេញកិច្ច ការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ ។

ថ្លែងក្នុងនាមព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និង បណ្តាប្រទេសទាំង ១០របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ អត្តសញ្ញណមួយ និងសហគមន៍តែមួយ” ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner