អ៊ុយក្រែនចោទរុស្ស៊ីកំពុងប្រព្រឹត្តអំពើភេរវកម្មសេដ្ឋកិច្ចប្រឆាំងនឹងអឺរ៉ុប

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានចោទប្រកាន់រុស្ស៊ីពីការប្រព្រឹត្តអំពើភេរវកម្មសេដ្ឋកិច្ច ខណៈដែលការចំណាយលើវិបត្តិថាមពលរបស់អឺរ៉ុប បានរីករាលដាលដល់ប្រទេសអាល្លឺម៉ង់ ដែលត្រូវចំណាយយ៉ាងហោចណាស់ ១៩ពាន់លានអឺរ៉ូ ដើម្បីធានាការនាំចូលឧស្ម័នពីរុស្ស៊ី។

លោក ហ្សេលេនស្គី បានប្រាប់សន្និសីទឧស្សាហកម្មថាមពលនៅទីក្រុង Stavanger ប្រទេសន័រវេសថា រុស្ស៊ីកំពុងប្រើអំពើភេរវកម្ម ហើយថា ប្រទេសនេះកំពុងដាក់សម្ពាធជាមួយនឹងវិបត្តិតម្លៃ ជាមួយនឹងភាពក្រីក្រ ដើម្បីធ្វើឱ្យអឺរ៉ុបចុះខ្សោយ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី បានកើតឡើងនៅពេលដែលក្រុមហ៊ុនប្រេង Gazprom របស់រុស្ស៊ីគ្រោងថែទាំគ្រឿងម៉ាស៊ីនក្នុងសប្តាហ៍នេះ ដែលនឹងបញ្ឈប់លំហូរឧស្ម័នតាមបំពង់ Nord Stream 1 ដែលតភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់តាមរយៈសមុទ្របាល់ទិក។

សាធារណរដ្ឋឆេកដែលកាន់តំណែងជាប្រធានសហភាពអឺរ៉ុបវិលជុំ បានកោះប្រជុំបន្ទាន់មួយ នៃក្រុមរដ្ឋមន្ត្រីថាមពល នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ នៅពេលដែលខ្លួននឹងស្នើសុំកំណត់តម្លៃឧស្ម័នដែលប្រើសម្រាប់ផលិតអគ្គិសនី។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងឧស្សហកម្មឆេកលោក Jozef Sikela បានប្រាប់សន្និសីទសារព័ត៌មានថា អ្វីដែលកំពុងកើតឡើង គឺពិតជាបញ្ហានៅអឺរ៉ុប… វាមានផលប៉ះពាល់ដល់ប្រទេសទាំងអស់ មួយចំនួនតិច និងមួយចំនួនទៀតច្រើន… នោះហើយជាមូលហេតុដែលយើងជឿជាក់ថា ដំណោះស្រាយដ៏ល្អបំផុត គឺជាដំណោះស្រាយនៅទូទាំងទ្វីបអឺរ៉ុប ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner