ឥណ្ឌា សម្ពោធដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះផលិតដោយខ្លួនឯងដំបូង «Made In India»
ឥណ្ឌា៖នៅថ្ងៃសុក្រ ទី២ កញ្ញា ឥណ្ឌា បានសម្ពោធដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះដំបូងគេដែលផលិតក្នុងស្រុករបស់ខ្លួន «Made In India»។ នេះគឺជាដំណាក់កាលដ៏សំខាន់មួយ ឆ្ពោះទៅរកស្វ័យភាពយោធារបស់ប្រទេសឥណ្ឌា ជាពិសេសនៅជួនចំពេលដែលឥណ្ឌា ព្យាយាមទប់ទល់នឹងកម្លាំងទ័ពជើងទឹកដែលកំពុងកើនឡើងរបស់ចិន។
នាវាដ៏ថ្មីសន្លាងដែលឥណ្ឌាទើបតែដាក់ឲ្យប្រើប្រាស់នេះ មានឈ្មោះថា «វិក្រាន Vikrant» ឬប្រែថា «នាវាក្លាហាន» ត្រូវបានឆ្លងកាត់ការសាងសង់ និងសាកល្បងរយៈពេល១៧ឆ្នាំ ដោយជនជាតិឥណ្ឌាសុទ្ធសាធ។ នាវានេះ មានសមត្ថភាពផ្ទុកនាវិកបានរហូតដល់ ១៦០០នាក់ឯណោះ។
ថ្លែងក្នុងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នាវាវិក្រាន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានបង្ហាញមោទកភាពចំពោះការផលិតនាវាផ្ទុកយន្តហោះដំបូងដោយស្នាដៃជនជាតិឥណ្ឌានេះ និងថា វាបាននាំឲ្យឥណ្ឌាចូលក្នុងចំណោមក្រុមប្រទេសដែលអាចផលិតនាវាផ្ទុកយន្តហោះធំៗដោយខ្លួនឯង។
នាវាវិក្រាន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំថ្ងៃប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃឯករាជ្យរបស់ប្រទេសឥណ្ឌាចេញពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ បើតាមការឱ្យដឹងពីការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា គេរំពឹងថា វិក្រាននឹងអាចក្លាយជានាវាសង្គ្រាម ដែលបំពេញតួនាទីរបស់ខ្លួនបានពេញលេញ ១០០ភាគរយ នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខ។
គួរបញ្ជាក់ថា នាវាវិក្រានមានប្រវែងជាង ២៦០ម៉ែត្រ ផលិតដោយប្រើបច្ចេកវិទ្យានិងវត្ថុធាតុដើមក្នុងស្រុក និងត្រូវយកទៅចូលបម្រើការងារកងទ័ពឥណ្ឌា ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។ នាវានេះ អាចដឹកយន្តហោះដ៏ថ្មីទំនើប និងធំជាងគេបំផុតរបស់ឥណ្ឌា ហើយក្រៅពីមានសមត្ថភាពអាចផ្ទុកនាវិកដល់ទៅ ១៦០០នាក់ វាក៏អាចផ្ទុកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្របានប្រមាណ ៣០គ្រឿង។ ប៉ុន្តែគេនៅពុំទាន់ដឹងទេថាតើវាអាចផ្ទុកយន្តហោះប្រភេទណានោះ។
យ៉ាងណាក៏ដោយ គេរំពឹងថា វត្តមាននាវាផ្ទុកយន្តហោះដ៏ធំនេះ នឹងអាចនាំឱ្យឥណ្ឌាបង្កើនទំនុកចិត្តរបស់ខ្លួនទ្វេដងក្នុងការអភិវឌ្ឍវិស័យការពារជាតិក្នុងស្រុក និងកាត់បន្ថយការស្វែងរកអាវុធយុទ្ធភណ្ឌពីបរទេស។
ទាក់ទងរឿងនេះ គួររំឭកជូនដែរថា ក្រោមការដឹកនាំរបស់លោក ណារិនដ្រា ម៉ូឌី ឥណ្ឌាដែលមានចិនជាដៃគូប្រជែងក្នុងតំបន់ បានសន្យាបង្កើនថវិកា និងសមត្ថភាពយោធាជាតិ និងបានចាប់យកបញ្ហាសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្ទឥណ្ឌាជាអាទិភាពចម្បងនាពេលបច្ចុប្បន្ននេះ៕
ដោយ៖បណ្តូលពេជ្រ