នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសផ្តល់ជំនួយយោធាថ្មីទំហំ ៣០៤លានដុល្លារសម្រាប់អ៊ុយក្រែន

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ គ្រោងនឹងប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីទំហំ ៣០៤លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជំរុញការវាយលុករបស់ទីក្រុងកៀវប្រឆាំងនឹងរុស្ស៊ី។
បើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងថ្ងៃចន្ទសប្តាហ៍នេះ កញ្ចប់ជំនួយយោធាខាងលើរួមមានគ្រាប់កាំភ្លើងធំរាប់រយពាន់គ្រាប់ ហើយមានគោលបំណងធានាលំហូរថេរ នៃគ្រាប់កាំភ្លើងធំសំខាន់ៗទៅកាន់អ៊ុយក្រែនពេញមួយឆ្នាំ២០២៣។

ការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់ថា លោក ស៊ូណាក់ នឹងធ្វើសេចក្តីប្រកាសស្តីពីការផ្តល់ជំនួយយោធាថ្មីខាងលើនេះ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកងកម្លាំងបេសកកម្មរួម (JEF) នៅក្នុងប្រទេសឡាតវី។ កិច្ចប្រជុំកំពូល JEF នឹងប្រមូលផ្តុំមេដឹកនាំមកពីប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ហូឡង់ ន័រវេស ស៊ុយអែត និងអង់គ្លេស ដើម្បីប្រមូលផ្តុំគ្នាពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ន័រឌីគ និងបាល់ទិក។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក អង់គ្លេសបានសន្យាផ្តល់ជំនួយចំនួន ៧.៤៣ពាន់លានដុល្លារ។ យោងតាមវិទ្យាស្ថាន Kiel បានឱ្យដឹងថា អង់គ្លេសគឺជាប្រទេសម្ចាស់ជំនួយធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយចំនួន ៥១ពាន់លានដុល្លារ សម្រាប់ផ្នែកមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធា៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner