ក្រសួងប្រកាសឱ្យប្រជាពលរដ្ឋការពារសុខភាព ជាពិសេសជំងឺ កូវីដ១៩ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ភ្នំពេញ៖​ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែ ធ្នូដល់ខែមករានៃឆ្នាំ ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុ ត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាល មកពីវីរុស នឹងកើតមានជាញឹកញាប់ ខណៈក្រសួងសុខាភិបាល នៅតែបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ដដែល។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ស្តីពីការការពារការចម្លងវីរុសកូវីដ១៩ និងការប្រុង ប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ បានលើកឡើងថាស្ថានភាពនៃជំងឺកូវីដ១៩នៅលើសកលលោក មានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ១៩នេះ ហើយ កម្ពុជាក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់ និងនៅលើ សកលលោកដែរ។

ក្រសួងបានលើកឡើងទៀតថា ៖ «នេះបញ្ជាក់ថា វីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួក អូមីក្រុងនៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ បណ្តាល ឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់ កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើង ត្រូវតែប្រុង ប្រយ័ត្នទាំងអស់គ្នា កុំឱ្យមានការស្ទុះងើបឡើងវិញ និងការឆ្លង រាល ដាលនៃវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍របស់យើង»។
ទន្ទឹមនឹងការការពារពីមេរោគកូវីដ១៩នេះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអំពាវនាវផងដែរថា កម្ពុជាបានឈានចូលជាបណ្តើរៗដល់ពេលវេលាដែលអាកាសធាតុ ត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់។ ដូច្នេះ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវការពារសុខភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលអាច កើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា ក្នុងចំណោមជំងឺតាម រដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុ ចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំនីមួយៗ គឺ ភាគច្រើន មានដូចជាជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុ ត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាល មក ពីវីរុស និងមេរោគស្រ្តិបតូកូក ដែលបង្កឱ្យមានរោគសញ្ញា ដូចជា គ្រុនផ្ដាសាយ ហូរសំបោររលាកបំពង់ក ក្អក និង រលាក ក្រពះពោះវៀនដោយពពួកវីរុស ជាដើម។

ដើម្បីការពារសុខភាពក្នុងពេលអាកាសធាតុត្រជាក់នេះ ត្រូវ ស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ រងារ ដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួន ប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។

លោកមានប្រសាសន៍ថា ៖ «ចូរស្វែងរកការព្យាបាលវេជ្ជសាស្ត្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដក ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬសង្ស័យ ថា ជាជំងឺកូវីដ១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត ហើយ ត្រូវចាំថា សូមធ្វើដំណើរ តែនៅពេលដែលលោកអ្នកមាន សុខភាពល្អ»។

ទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ដោយសារ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ហើយមនុស្ស ចាស់ សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់ ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ម៉ម ប៊ុនហេង។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័ស ដោយខ្លួនឯងក្នុងករណីដែលមានរោគសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្ក ឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុង សហគមន៍។

ក្រសួងបានបញ្ជាក់ថា ៖ «ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯង នៅផ្ទះក្នុង ករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរ ត្រូវ ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យ រដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក»។

ទាក់ទងនឹងអាកាសធាតុត្រជាក់នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការអំពាវនាវដល់អាជ្ញាធរ និង កូនៗទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខភាព និងការកើត មាននូវជំងឺផ្សេងៗ របស់ឪពុកម្តាយ អាណាព្យាបាល ជីដូនជីតា និងមនុស្សចាស់ ក្នុងពេលដែលអាកាសធាតុត្រជាក់ ខណៈ ដែល ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យប្រុង ប្រយ័ត្ន ចំពោះអាកាសធាតុចុះត្រជាក់នេះ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅនេះ ក៏បានជូនដំណឹងផងដែរថា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ សីតុណ្ហភាព នឹងចុះត្រជាក់ ដល់១៦អង្សាសេនៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិភាគឦសាន ដោយកម្ពុជានឹងទទួលរង ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល រួមមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពនឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩អង្សាសេ រីឯនៅបណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ អង្សាសេ ចំណែកនៅលើផ្ទៃសមុទ្រ អាចមាន រលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងវីរៈកងទ័ពដែល រស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាព ឦសាន្ត ព្រមទាំងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះផងដែរ៕
ដោយ៖នាង សុគន្ធា

ads banner