ពាណិជ្ជកររំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានភាពប្រសើរឡើងបន្ទាប់ពីព្រំដែនចិនបើកឡើងវិញ

ភ្នំពេញ៖ អ្នកជំនួញខ្មែរ រំពឹងថាសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះអាច នឹងល្អប្រសើរ បន្ទាប់ពីព្រំដែនចិនបើកឡើងវិញ។ការលើក ឡើងនេះបន្ទាប់ពីពួកគាត់ទទួលព័ត៌មានថាចិន សម្រេច លុបចោលគោលនយោបាយកូវីដសូន្យនិងបើកព្រំដែនឡើងវិញចាប់ពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៣។

ក្រុមពាណិជ្ជករខ្មែរដែលធ្លាប់រកស៊ីជាមួយចិនអះអាងថា ការ វិនិយោគនានានៅកម្ពុជាក៏ត្រូវបានថយចុះដោយសារតែអវត្តមាននៃអ្នកវិនិយោគជនជាតិចិននិងថា ការណ៍ដែលប្រទេសចិន សម្រេចបើកប្រទេសឡើងវិញនេះជាឱកាសល្អមួយដែលអាចជំរុញឱ្យសេដ្ឋកិច្ចនៅកម្ពុជាអាចមានភាពល្អប្រសើរឡើងវិញ ទាំងវិស័យសំណង់ អចលទ្រព្យ និងវិស័យទេសចរណ៍ ជាដើម។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បានឱ្យដឹងថា កន្លងមកចិនមានចំណែកនៅក្នុងកំណើន សេដ្ឋកិច្ចកម្ពុជាច្រើនតាមរយៈទេសចរណ៍ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនានា ម៉្លោះហើយវាច្បាស់ជារឿងមួយ គួរឱ្យ ត្រេកអរនៅពេលដែលចិនបើកប្រទេស ឡើងវិញ បែបនេះ។

ឧកញ៉ាបានសង្កត់ធ្ងន់ថា៖ «ដូចយើងដឹងស្រាប់ កម្ពុជា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយចិន តែដោយសារបញ្ហាកូវីដ យើងមិនទាន់បាននាំផលិតផល ទៅចិនពេញលេញនៅ ឡើយទេ។ ដូច្នេះហើយខ្ញុំយល់ថា ឆ្នាំនេះយើងអាចនាំចេញដោយទូលាយជាងឆ្នាំមុនៗ»។

អ្នកជំនួញ រូបនេះបន្តទៀតថា ៖«ការវិនិយោគលើវិស័យ ផ្សេងៗដូចជា ការកសាងព្រលានយន្ដហោះ សម្ភារៈបរិក្ខា សំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាគឺច្រើន តែ មកពីប្រទេសចិន។ ដូច្នេះរាល់ការបិទខ្ទប់ផ្សេងៗ ចង់ មិនចង់គឺបានប៉ះពាល់ដល់កម្ពុជាដែរ»។

កម្ពុជាទទួលបានភ្ញៀវទេសចរចិនកម្ពុជាទទួលបានភ្ញៀវទេសចរចិនរហូតដល់ពីរលាននាក់កាលពីឆ្នាំ២០១៩នៅមុនពេលផ្ទុះជំងឺកូវីដ១៩។សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្លាប់បង្ហាញ ក្ដីរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរចិនយ៉ាងហោចណាស់ពីរលាននាក់នៅពេលដែលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនៅឆ្នាំ ២០២៣នេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា អ្នកបម្រើការ លើវិស័យទេសចរណ៍ ទាំងមូលមានការសប្បាយចិត្តនៅពេលទទួលដំណឹងថាភ្ញៀវទេសចរចិននឹងអាចត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ។
អ្នកស្រីបន្ថែមថា៖«សប្បាយចិត្តក៏ដោយសារថា កន្លងមក អ្នកទេសចរចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា បើធៀប ទៅនឹង អ្នកទេសចរអន្តរជាតិផ្សេងៗទៀត។ ម្យ៉ាងទៀត អ្នកទេសចរចិនគឺជាប្រភេទទេសចរដែលចាយប្រាក់ច្រើន ដែលផ្ដល់ផលចំណេញដល់សេវាករទេសចរណ៍»។

អ្នកស្រីបន្តថា៖ «នៅពេលខាងមុខនេះទៀតសោត ពិធី បុណ្យប្រពៃណីចិននឹងចូលមកដល់ ហើយបើតាមទម្លាប់ ពេលសែនរួចជនជាតិចិននឹងធ្វើដំណើរទៅកម្សាន្ដទៅតាមប្រទេសនានាលើ ពិភពលោក ហើយក្នុងនោះច្បាស់ជា មានកម្ពុជាដែរ»។

យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺ កូវីដ ១៩ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេនៅលើពិភពលោក ដោយភ្ញៀវទេសចរចិនបានចេញទៅកម្សាន្ត នៅក្រៅប្រទេសរហូតដល់ជាង២០០លាននាក់ ខណៈកម្ពុជា មានគោលដៅទាក់ទាញឱ្យបានពីរលាននាក់។
កាលពីឆ្នាំ២០២០ រដ្ឋាភិបាលចិនប្រកាសមិនឱ្យភ្ញៀវទេសចរ ចេញចូលប្រទេសខ្លួន តាមរយៈគោលនយោបាយសូន្យកូវីដ( Zero Covid-19) ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺដ៏ កាច សាហាវនេះនៅក្នុងប្រទេស និងដើម្បីការពារសុខមាលភាព ប្រជាជនរបស់ខ្លួនហើយដែលទើបនឹងប្រកាសបើក ឱ្យបិទ បញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ៕
ដោយ៖ កែវ បុស្បា

ads banner