ប្រធានាធិបតីក្រូអាត ៖ សហរដ្ឋអាមេរិក និងណាតូកំពុងធ្វើសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី
សាគ្រែប ៖ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងជាប់ពាក់ព័ន្ធក្នុងសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ី តាមរយៈទឹកដីរបស់អ៊ុយក្រែន។
លោក Milanovic ត្រូវបានគេដកស្រង់សម្តី ខណៈកំពុងថ្លែងសុន្ទរកថាក្នុងសន្និសីទមួយនៅទីក្រុង Vukovar ភាគខាងកើតកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន និងណាតូកំពុងធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីតាមរយៈទឹកដីរបស់អ៊ុយក្រែន ហើយលោកក៏បានថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីផងដែរ។
លោក Milanovic បន្តថា ផែនការសន្តិភាពមិនគួរនិយាយអំពីការដកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ហ្សេលេនស្គី នោះទេ ហើយក៏មិនគួរនិយាយអំពីទណ្ឌកម្មដែរ… យើងមិនអាចសម្រេចបានអ្វីទាំងអស់ដោយប្រើប្រាស់វាឡើយ ហើយថា សហរដ្ឋអាមេរិក និងណាតូកំពុងផ្លាស់ប្តូរពីសង្រ្គាមមួយ ទៅសង្គ្រាមមួយផ្សេងទៀត។
ប្រធានាធិបតីក្រូអាតរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តលើការហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែន ឬការពាក់ព័ន្ធណាមួយនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែជាជម្រើសរបស់ក្រូអាត ជំនួសឱ្យការបង្ខំដោយមហាអំណាចពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

