គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ ទំហំប្រាក់កម្ចីសរុបមានចំនួនជាង ២៥,៩២ទ្រីលានរៀល

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ទំហំប្រាក់កម្ចីសរុបមានចំនួនជាង ២៥,៩២ទ្រីលានរៀល គិតជាដុល្លារមាន ប្រមាណ ៦,៣៧ប៊ីលានដុល្លារអាមេ៉រិក ដែលបានផ្តល់ឲ្យអតិថិជនខ្ចីជិត ១,៩៩លាននាក់ ក្នុងនោះ សម្រាប់បា្រក់បញ្ញើ វិញមានប្រមាណ ១៣,៧៦  ទ្រីលានរៀលគិតជាប្រាក់ដុល្លារមានប្រមាណ ៣,៣៨ ប៊ីលានដុល្លារអាមេ៉រិក ដែលទទួល បានពីអ្នកដាក់ប្រាក់បញ្ញើជាង ២,៥២លាននាក់ ។ ទំហំប្រាក់កម្ចី និងបញ្ញើដ៏ច្រើននេះត្រូវបានឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បញ្ជាក់ឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅ កម្ពុជា ដែលរៀបចំធ្វើនៅស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានឲ្យដឹងដែរថា÷ វិស័យធនាគារ ដែលមានតួនាទីជាអ្នកកៀងគរមូលធន គាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនទាំងវិសាលភាព និងទំហំប្រតិបត្តិការ ហើយក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុ ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុ ដូចជាការផ្តល់សេវាឥណទាន និងការសន្សំ ជាពិសេសគឺបានផ្ដល់ទៅដល់ទីជនបទដាច់ស្រយាល ហើយការ ទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យវិញ ក៏នឹងជួយឲ្យប្រជាជនដែលមានចំណូលទាប អាចគ្រប់គ្រងហិរញ្ញ វត្ថុរបស់ខ្លួនបានប្រសើរជាងមុន និងបង្កើនផលវិជ្ជមានដល់សេដ្ឋកិច្ច  និងរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ។

សូមរលឹកថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានកកើតឡើងចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានវិវត្តខ្លាំង នាដើមទសវត្សរ៍ឆ្នាំ១៩៩០ ដោយបានធ្វើសកម្មភាពផ្តល់បា្រក់កម្ចីខ្នាតតូចដល់ប្រជាជននៅតាមតំបន់ជនបទ ក្នុងគោល បំណងផ្តល់ឲ្យប្រជាជនទាំងនោះ នូវដើមទុនសម្រាប់ការបង្កើត ឬបង្កើនមុខរបរអាជីវកម្មរបស់ខ្លួន ។ សិក្ខាសាលានេះ ក៏បានផ្ដល់ឱកាសដល់អ្នកចូលរួមបានបង្ហាញពីក្ដីកង្វល់លើបញ្ហានៃកាប្រើប្រាស់សេវាពីបណ្ដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងមូលដ្ឋានខ្លួនផងដែរ ដើម្បីរួមគ្នាធ្វើឲ្យវិស័យមួយនេះ មានសកម្មភាពល្អកាន់តែរឹងមាំ និងគេច ផុតពីហានិភ័យផ្សេងៗ ។

ចំណែកឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលអញ្ជើញជាអធិបតីភាពក្នុងសិក្ខា សាលានេះ បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺមានតួនាទីគោរពតាមច្បាប់ និងបទ ប្បញ្ញត្តិដែលមានជាធរមាន និងគោលការណ៍នៃកិច្ចការពារអតិថិជន ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នក្នុងប្រតិបត្តិការ ឥណទានរបស់ខ្លួន ។

ជារួមគ្រឹះស្ថានទាំងអស់គឺ ជាគ្រឹះស្ថានឯកជន ស្វែងរកប្រាក់ចំណេញ ដើម្បីនិរន្តរភាពហិរញ្ញវត្ថុ របស់ខ្លួន ក្នុងការបន្តផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ ។ ដូច្នេះហើយ ប្រជាពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុណាមួយ ត្រូវតែមានកាតព្វកិច្ចសងប្រាក់កម្ចីឲ្យគ្រឹះស្ថាននោះវិញ។ ជារួមប្រព័ន្ធហិរញ្ញវត្ថុមួយកាន់តែមាន ភាពរឹងមាំទៅបាន គឺនៅពេលដែលអ្នកខ្ចី និងអ្នកឱ្យខ្ចី រួមគ្នាក្នុងការការពារខ្លួន ពីបញ្ហាទាក់ទងនឹងសេវាមីក្រូហិរញ្ញវត្ថុ តាមរយៈការអនុវត្ត ឬធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដូចពាក្យស្លោកមួយឃ្លាបានពោលថា “ការពារគ្នារក្សាគ្នា ទើបមាននិរន្តរភាពយូរអង្វែង” ។

ជាមួយនេះដែរ ឯកឧត្តម ស៊ុ សន្និសិទ្ធ បានជម្រុញឲ្យអ្នកពាក់ព័ន្ធ ត្រូវមានកិច្ចសហការ និងខិតខំប្រឹងប្រែង អភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុក្នុងដែនដីខេត្ត ឲ្យមានការីកចម្រើនជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ក៏ត្រូវបន្តទប់ស្កាត់ឲ្យបានរាល់សកម្មភាពដើរបោកប្រាស់របស់ជនខិលខូល ដែលចង ការ ឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធដែលគ្មានច្បាប់ឲ្យបានផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner