រថយន្ដស្ទូចរអិលថយក្រោយកិនម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដស្ទូចបើកឡើងចំណតមិនរួចក៏រអិលថយក្រោយកិនម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗមួយរំពេច កាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅខ្លោងទ្វារចូលវត្ដពោធិ៍ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គ្រួច ភារម្យ ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរ រត់តុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកតៃកុងរថយន្ដឃាត់ខ្លួនមានឈ្មោះ ឆយ វណ្ណៈ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរបុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ គេឃើញរថយន្ដស្ទូចមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-9823 បើកតាមបណ្ដោយផ្លូវបេតុងបំណងឡើងទៅផ្លូវ៣៧១ក្នុងទិសដៅជើងទៅត្បូង។ ស្រាប់តែរថយន្ដឡើងចំណតមិនរួចក៏រអិលកិនម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FT-9631 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នា ដែលឈប់ពីក្រោយរថយន្ដបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗមួយរំពេច។ ដោយឡែកតៃកុងរថយន្ដត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើសួរនាំនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងអូសរថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner