គណៈកម្មការចម្រុះខណ្ឌឫស្សីកែវ សម្រេចបិទចោលទាំងស្រុងនូវទីតាំងលក់-បញ្ចូលហ្គាស ចំនួនពីរកន្លែង តាមសំណូមពរប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គណៈកម្មការចម្រុះ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់វិធានការក្ដៅ ក្នុងការសម្រេចចុះបិទចោលទាំងស្រុងជាស្ថាពរ ចំពោះទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដ ចំនួន២កន្លែង ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពោលគឺគ្មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មឡើយ ក្រោយសារព័ត៌មានក្នុងស្រុកមួយចំនួនចេញផ្សាយ តាមសំណូមពររបស់ប្រជាពលរដ្ឋ លើបញ្ហាប្រឈមហានិភ័យខ្ពស់ ទាំងវិទ្យុសកម្ម និងការធ្វេសប្រហែស ខ្លាចក្រែងមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ប្រតិបត្តិការក្ដៅនេះ បានធ្វើឡើងទៅលើសហគ្រាស «ធីឃេ» ដែលមានម្ចាស់ឈ្មោះ ឈ ហាវ ភេទប្រុស មុខរបរលក់-ទិញហ្គាស ស្ថិតនៅចំណុចផ្ទះលេខ 233I ផ្លូវលេខ៣៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ និងមួយទីតាំងបញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដមួយទៀតមានម្ចាស់ឈ្មោះ ឡាក់ ចំរើន ភេទប្រុស មានអាស័យផ្ទះលេខ ២៣០I ផ្លូវលេខ៣៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។ ប្រតិបត្តិការនេះដឹកនាំដោយលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ តំណាងលោក លីន ញ៉ក់ អភិបាលខណ្ឌស្ដីទី និងមានសមសភាពចូលរួមពីការិយាល័យអន្តរវិស័យខណ្ឌ ការិយាល័យឧស្សាហកម្ម និងសិប្បកម្មខណ្ឌ ការិយាល័យបរិស្ថានខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការបញ្ជាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានដល់ការសម្រេចបិទចោលទាំងស្រុងជាស្ថាពរទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដចំនួន២ទីតាំងនេះ គឺយោងតាមការចុះត្រួតពិនិត្យជាក់ស្ដែង ពីការិយាល័យជំនាញពាក់ព័ន្ធ ដោយបានរកឃើញថា ក្រៅពីទីតាំងមិនត្រូវតាមលក្ខណៈបច្ចេកទេស ក៏គ្មានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ពីក្រសួងរ៉ែ និងថាមពលនោះដែរ។

នាយករដ្ឋបាលខណ្ឌឫស្សីកែវរូបនេះ បានបញ្ជាក់ទៀតថា លើសពីនេះ ទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដចំនួន២ទីតាំងនេះដែរ គឺគ្មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មឡើយ និងមានបញ្ហាប្រឈមហានិភ័យខ្ពស់ ចំពោះវិទ្យុសកម្ម ពោលគឺងាយឆ្លងឆេះផ្ទុះជាទីបំផុត តាមចរន្ដទូរសព្ទ អៃកូម និងអាយឌី ដោយសារការធ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋ។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងស្ដុកលក់ និងបញ្ចូលហ្គាស ស្ថិតនៅផ្លូវលេខ២៧៣ ខាងកើតអង់តែនទួលគោក ប្រហែល៣០ ទៅ៤០ម៉ែត្រ ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានសំណូមពរស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ឲ្យជួយផ្សព្វផ្សាយបញ្ជូនដំណឹងមួយនេះ ទៅកាន់អាជ្ញាធរសង្កាត់ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយចាត់វិធានការតាមបទដ្ឋានបច្ចេកទេស និងបើអាចឈានដល់ការបិទចោលក៏ល្អដែរ ព្រោះទីតាំងស្តុកលក់ និងបញ្ចូលហ្គាស ទាំង Past App និងរថយន្ដផ្សេងៗ កំពុងបង្កការគំរាមកំហែងឲ្យមានការភ័យខ្លាច ដោយសារការធ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើង ព្រោះសូម្បីតែទីតាំង ក៏មិនត្រូវតាមលក្ខណៈបច្ចេកទេស និងសង្ស័យគ្មានច្បាប់ទម្លាប់ផង៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner