បញ្ជូនជនសង្ស័យចំនួន១៦នាក់ ទៅតុលាការផ្តន្ទាទោស
ភ្នំពេញ៖ ដើម្បីអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់តុលាការ។ ករណីទី១)ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១១នាក់ ករណីទី២)រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ៤នាក់ និងករណីទី)៣ ទទួលចោរកម្ម ១នាក់។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្សែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១៦នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ។ ជនសង្ស័យទាំង១៦នាក់នេះ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា៕ធ.ដ