កម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP) រដូវកាលទី២ បានបិទបញ្ចប់ជាផ្លូវការហើយ
ភ្នំពេញ៖ បន្ទាប់ពីដំណើរការកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP) ជាលើកដំបូងយ៉ាងជោគជ័យកាលពីឆ្នាំមុន កម្មវិធី USDP រដូវកាលទី២ បានបញ្ចប់ជាផ្លូវហើយនាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នំា២០១៩នេះ ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងកម្មវិធីនេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបង្ហាញអំពីរបៀបដែលកម្មវិធី SmartEdu USDP សមស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជំនាញដល់អនាគតអ្នកដឹកនាំ និងអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
លោកបានបញ្ជាក់ថា សិក្ខាសាលានៃកម្មវិធី SmartEdu USDP ផ្តល់នូវឱកាសជាច្រើនដល់និស្សិតតាមសកលវិទ្យាល័យនៅកម្ពុជាឲ្យទទួលយកតួនាទីភាពជាអ្នកដឹកនាំក្នុងបរិយាកាសដែលត្រូវបានរៀបចំឲ្យ។ កម្មវិធីនេះផ្ដល់ជំនាញដោះស្រាយបញ្ហាផ្ទាល់ និងបញ្ហាជីវិតពិត។ លោកពិតជាមិនអាចមិនកោតសរសើរពីគំនិត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់បានទេ។
យើងមានមោទនភាពដែលបានជួយដល់អ្នកមានទេពកោសល្យទាំងនេះ ហើយលោកទន្ទឹងរង់ចាំមើលអ្វីដែលពួកគេនឹងទទួលបាននៅក្នុងពិភពឌីជីថលនាពេលអនាគត។ កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍន៍គំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងឧបករណ៍ ក៏ដូចជាជំនាញដើម្បីជួយជំរុញដល់បច្ចេកវិទ្យាក្នុងប្រទេសផងដែរ។
រង្វាន់ដែលបានប្រគល់ជូនបេក្ខជនក្នុងព្រឹត្តិការណ៍នេះរួមមាន ពានរង្វាន់ក្រុមធ្វើបានល្អបំផុតលេខរៀងទី២ទទួលបានរង្វាន់ទឹកប្រាក់ចំនួន១,០០០ដុល្លារ ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុត ទទួលបានរង្វាន់ទឹកប្រាក់ចំនួន១,៤០០ដុល្លារដល់ការប្ដេជ្ញាចិត្តយ៉ាងផ្ចិតផ្ចង់អំឡុងសិក្ខាសាលានៅខេត្តសៀមរាប។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន៨នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភរយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។
សូមជម្រាបផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី SmartEdu USDP រដូវកាលទី២ និងពិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម Edleen Husaini Mohd. Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា៕ធ.ដ