ចំនួនមនុស្សស្លាប់ដោយសាររញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

អង់ការ៉ា, ដាម៉ាស៖ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងទប់ទល់នឹងអាកាសធាតុ នារដូវត្រជាក់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងប្រទេសស៊ីរី កើនឡើងដល់ ៧៨០០នាក់។

ក្រុមអ្នកជួយសង្គ្រោះ នៅទីក្រុង ហាតាយ (Hatay) បានធ្វើការប្រឆាំងនឹងពេលវេលានៅក្នុងលក្ខខណ្ឌរដូវរងាដ៏អាក្រក់ កាលពីល្ងាចថ្ងៃអង្គារ ថ្ងៃទី ៧ ខែកុម្ភៈ ដោយព្យាយាមជីកមនុស្សចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ ខណៈដែលចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏អាក្រក់របស់ប្រទេសទួកគី និងស៊ីរីបានកើនឡើងដល់ជាង ៧៨០០នាក់ហើយ ។

អាជ្ញាធរទួរគីបាននិយាយថា មនុស្សប្រហែល ១៣.៥ លាននាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ពីតំបន់ អាដាណា (Adana) នៅភាគខាងលិចដល់តំបន់ ឌីយ៉ាតបាគៀ (Diyarbakir) នៅភាគខាងកើត និង ៣០០ គីឡូម៉ែត្រពីតំបន់ ម៉ាឡាតយ៉ា (Malatya) នៅភាគខាងជើង ទៅ ហតាយ (Hatay) នៅភាគខាងត្បូង។

អាជ្ញាធរស៊ីរីបានរាយការណ៍ថា មានអ្នកស្លាប់នៅឆ្ងាយពីភាគខាងត្បូង នៃទីក្រុងហាម៉ា ដែលមានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការរញ្ជួយដី។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ កាលពីថ្ងៃច័ន្ទ ហើយ ក្រោយមក ប៉ុន្មានម៉ោងបន្ទាប់ មានការរញ្ជួយលើកទីពីរ ដែលបានធ្វើឲ្យមដួលរលំអគាររាប់ពាន់ រួមទាំងមន្ទីរពេទ្យ សាលារៀន និងផ្ទះល្វែង រាប់ម៉ឺននាក់រងរបួស និងបានធ្វើឱ្យមនុស្សរាប់មិនអស់គ្មានផ្ទះសម្បែងនៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទៅដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយត្រូវបានរារាំងដោយផ្លូវដែលត្រូវបានបំផ្លាញ អាកាសធាតុមិនល្អ និងកង្វះខាតធនធាន និងឧបករណ៍ធុនធ្ងន់ ហើយ តំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនី៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner