ទីភ្នាក់ងារអាមេរិក USAID ផ្តើមបញ្ជូនជំនួយទៅជួយតួកគី និងស៊ីរី ដែលរងគ្រោះពីរញ្ជួយដី

ក្រុមការងារទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូនជំនួយ ទៅកាន់ប្រទេសតួកគី និងស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ។

បុគ្គលិករបស់ទីភ្នាក់ងារជំនួយ យូ.អេស.អេ.អាយ.ឌី (USAID) ដែលជាក្រុមឆ្លើយតបគ្រោះមហន្តរាយ បានឡើងលើយន្តហោះ C-17 Globemaster III ឆ្ពោះទៅកាន់ប្រទេសទួកគី កាលពីថ្ងៃចន្ទ ទី៦ កុម្ភៈ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសតួកគី និងស៊ីរី។

សមាជិកកងទ័ពអាកាសមកពីកងអនុសេនាធំកំពង់ផែអាកាស ទី ៤៣៦ ក៏បានជួយផ្ទុកគ្រឿងផ្គត់ផ្គង់ជាច្រើននៅលើយន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីជួយប្រតិបត្តិការ បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយសតវត្សរ៍ សម្រាប់តំបន់នោះ។

អ្នកគ្រប់គ្រងទីភ្នាក់ងារ USAID លោក សាមេនថា ផោវឺ (Samantha Power) បានផ្តល់ការរំលែកទុក្ខដល់ប្រជាជនស៊ីរី និងទួកគី ហើយបាននិយាយថា សហរដ្ឋអាមេរិក “បានប្តេជ្ញាចិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះពីការរញ្ជួយដីនេះ ក្នុងលក្ខណៈបន្ទាន់” ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅភាគខាងត្បូងប្រទេសទួកគី និងស៊ីរីបានកើនឡើងដល់ជាង ៧.៨០០ នាក់ គិតត្រឹមថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានធ្វើការប្រឆាំងនឹងពេលវេលាក្នុងស្ថានភាពរដូវរងាដ៏អាក្រក់ ដើម្បីជីកយកអ្នកនៅរស់ចេញពីគំនរបាក់បែកនៃអគារដែលបានដួលរលំ។

នៅពេលដែលទំហំនៃគ្រោះមហន្តរាយកាន់តែច្បាស់ឡើង ចំនួនអ្នកស្លាប់មើលទៅទំនងជាកើនឡើងគួរឱ្យកត់សម្គាល់។ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយថា កុមាររាប់ពាន់នាក់អាចនឹងស្លាប់៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner