សហរដ្ឋអាមេរិកអនុម័តលើការលក់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត Himars ចំនួន ១៨គ្រឿងដល់ប៉ូឡូញ ក្នុងតម្លៃ ១០ពាន់លានដុល្លារ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការយល់ព្រមរបស់ខ្លួនលើការលក់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ហ៊ីមម៉ាស់ (Himars) ចំនួន ១៨គ្រឿង មានតម្លៃ ១០ពាន់លានដុល្លារ បូករួមទាំងគ្រាប់រំសេវ និងឧបករណ៍ផ្សេងទៀតទៅកាន់ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ ហើយមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់យោធូបករណ៍នេះនឹងធ្វើអោយប្រសើរឡើងនូវគោលដៅយោធារបស់ប្រទេសប៉ូឡូញ ក្នុងការធ្វើបច្ចុប្បន្នភាពសមត្ថភាពការពារជាតិ ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតកំពុងពង្រឹងបន្ថែមទៀតនូវអន្តរប្រតិបត្តិការ។
បើតាមទីភ្នាក់ងារនេះ ប៉ូឡូញមានបំណងប្រើប្រាស់សម្ភារៈយោធា និងសេវាកម្មការពារជាតិទាំងនេះ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ក៏ដូចជាពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត Himars បានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលអនុញ្ញាតឱ្យកងកម្លាំងរបស់ទីក្រុងកៀវ ធ្វើការវាយប្រហារយ៉ាងជាក់លាក់លើទីតាំងនានារបស់រុស្ស៊ី។
គួរបញ្ជាក់ថា ប៉ូឡូញបានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យការពារជាតិកាលពីចុងខែមករាដើមឆ្នាំនេះ ដល់ទៅ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយនាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ប្រទេសខ្លួនចាំបាច់ត្រូវបំពាក់អាវុធឱ្យខ្លួនឯងឱ្យបានលឿនជាងមុន ដោយសារសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា