អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យគ្រប់ភូមិ និងស្រុក ឱ្យបានមុនឆ្នាំ២០២៥
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបន្តជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមប្រើប្រាស់បង្គន់អនាម័យគ្រប់ភូមិ តាមបណ្តាស្រុក ឱ្យបានមុនឆ្នាំ២០២៥ សំដៅកែប្រែនូវសោភ័ណភាពបរិស្ថាន ជាពិសេសដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។
ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
នាឱកាសនោះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ទូច ម៉ាឡា បានលើកឡើងថា កន្លងមកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្តលើកិច្ចការងារនេះ។ លោកបានបញ្ជាក់ដែរថា នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល តែលោកមានការព្រួយបារម្ភចំពោះ ក្រុង ស្រុក ឃុំសង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និង ការបន្ទោរបង់ពាសវាលពាសកាល នៅជាបញ្ហា ប្រឈមនៅឡើយ។
ហេតុនេះ លោកក៏បានស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ បន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឱ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឱ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាតឱ្យបាន ៩០ភាគរយ និងអត្រាគ្របដណ្តប់អនាម័យឱ្យបាន ៩០ភាគរយ ។ លោកបន្ថែមថា ជាពិសេសដើម្បីសម្រេចទស្សនៈវិស័យរបស់រដ្ឋាភិបាលនៅឆ្នាំ២០២៥ គឺប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឱ្ប្រសើរឡើងនូវ កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានស្នើទៅអាជ្ញាធរក្រុង ស្រុក បន្តពង្រឹងពង្រីកនិងជំរុញដល់ប្រជាពលរដ្ឋ ក្នុងអនុវត្តអនាម័យស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ខណៈខេត្តសៀមរាបគឺជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ លោកបន្តថា៖«បញ្ហាកង្វះអនាម័យនេះ ធ្វើឱ្យប៉ះពាល់ដល់ សុខភាពបងប្អូន សំខាន់ចំពោះកុមារ ធ្វើឱ្យមានបញ្ហាក្នុងការលូតលាស់របស់កុមារ និង ជំងឺក្រិនជាដើម ហេតុនេះខ្ញុំសូមឱ្យរួមគ្នាធ្វើសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ »។
យោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការឆ្នាំ២០២០ បានឱ្យដឹងថា ប្រមាណ ៨២,៨៣ភាគរយ នៃគ្រួសារកម្ពុជាមានបង្គន់អនាម័យប្រើប្រាស់ក្នុងនោះតំបន់ទីប្រជុំជន៩០.៤១ភាគរយនិងជនបទ ៧៨.៣១ភាគរយ។
ដោយមើលឃើញពីការអនុវត្តអនាម័យនៅកម្ពុជានៅជួបបញ្ហាប្រឈម ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសផែនការកំណត់ទិសដៅនៃការផ្ដល់សេវាទឹកស្អាត និងអនាម័យឱ្យបានសម្រេច ១០០ ភាគរយនៅឆ្នាំ ២០២៥ ក្រោយពីផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទបានសម្រេចលើសផែនការដែលបានគ្រោងទុកក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ៕
ដោយ៖ សែម ពិសី