សាច់ និងផលិតផលពីសត្វស្រស់ បង្កក ខូចគុណភាព គ្មានសុវត្ថិភាព ប្រមាណជាង ៨តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល បន្ទាប់ពីបង្ក្រាបបាន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានធ្វើការបំផ្លាញចោលសាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ សរុបប្រមាណ ៨,១៧២គីឡូក្រាម ។ ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថាមន្ត្រីជំនាញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលសាច់សត្វស្រស់ បង្កក ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គោលបំណងនៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុក សាច់ស្រស់ឬបង្កក និងផលិតផលសាច់។

លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានឱ្យដឹងថា ផលិតផលខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្រ្តីជំនាញ បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមក រួមមាន៖

  • បេះដូងជ្រូក ២៤៥កេស ស្មើនឹង ១,៣១១គីឡូក្រាម
  • អណ្តាតជ្រូក ៤៣៦កេស ស្មើនឹង ២,៣៣៣ គីឡូក្រាម
    -ជង្គង់មាន់ ២១៧កេស ស្មើនឹង ២,១៧០ គីឡូក្រាម
    -សត្វត្រីបង្កក ១០៨ ថង់ ស្មើនឹង ៩៧២ គីឡូក្រាម
    -សត្វទាបង្កក ១៩៥ ថង់ ស្មើនឹង ១,៣៨៦ គីឡូក្រាម ។ សាច់ និងផលិតផលពីសត្វស្រស់ បង្កក ខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ប្រមាណជាង ៨,១៧២ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល បន្ទាប់ពីបង្ក្រាបបាន។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើចូលរួមសហការអនុវត្ត វិធានការត្រួតនិត្យសាច់ស្រស់ និងបង្កក ពិសេសសាច់និងផលិតផលពីសត្វជ្រូក ដើម្បីត្រួតពិនិត្យនូវហានិភ័យ នៃជម្ងឺឆ្លងផ្សេងៗ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់បទបញ្ជាដល់ មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យនិងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និងផលិតផល អំពីសត្វ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ដោយមានភ្ជាប់នូវវិញ្ញាបនបត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងត្រូវគោរពនិង អនុវត្តនូវ លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅបទប្បញ្ញត្តិជាធរមានផ្សេងទៀតឱ្យបានត្រឹមត្រូវ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner