គ.ជ.ប ចេញវិធានការនានាសម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុងស្រុកដែលទើប បង្កើតថ្មី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប ) បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការ និងការ វិធានការនានា សម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុងស្រុកដែលទើបបង្កើតថ្មី ខណៈក្រុង-ស្រុកថ្មីទាំង៥នោះ ស្ថិតក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងក្រចេះ។ កិច្ចប្រជុំខាងលើនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដឹកនាំ ដោយ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ដោយបានផ្តោតលើ វិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩, ការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុងស្រុក ទើបបង្កើតថ្មី ខណៈក្រុង-ស្រុកថ្មីទាំង៥នោះ ស្ថិតក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងក្រចេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.បថ្លែងថា ៖« ក្រុងស្រុកដែលទើបបង្កើតថ្មី ត្រូវតែមាន រដ្ឋបាល ក្រុងស្រុក និងក្រុមប្រឹក្សា ដែលនឹងទទួលតែងតាំង ពីក្រសួងមហាផ្ទៃ ។ ដូច្នេះ ក្នុងការបោះឆ្នោតនេះ គជប មានតួនាទី ក្នុងការរៀបចំចាតចែងការ បោះឆ្នោត និងដាក់ចេញវិធានការ នានា ឱ្យភាគី ពាក់ព័ន្ធអនុវត្ត ដើម្បីឱ្យដំណើការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន និង តម្លាភាព ហើយនេះជាការបោះ ឆ្នោត អសកល និងជាការបោះឆ្នោតបង្គ្រប់អាណត្តិពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុម ប្រឹក្សា ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩»។

ទោះបីជាការបោះឆ្នោតអសកលក៏ដោយ ឯកឧត្តម បញ្ជាក់ថា គ.ជ.ប ត្រូវរៀបចំចាត់ចែងឱ្យមាន ៤ដំណាក់កាល ដូចការបោះឆ្នោតសកលដែរ គឺ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការចុះឈ្មោះបោះឆ្នោតគឺជាការស្រង់ឈ្មោះដោយបញ្ជាក់តាមឋានានុក្រម រួចបញ្ជូនឈ្មោះមក គ.ជ.ប ការឃោសនា បោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏ត្រូវចាត់ចែងនូវវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ពាក់ព័ន្ធនឹងបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង លោកបន្ថែមថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ពាក្យបណ្តឹង ១២០២។ រយៈពេលប្តឹង និងការ ដោះស្រាយ ពាក្យបណ្តឹងត្រូវអនុវត្តតាមនីតិវិធី ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តី សម្រេចស្ថាពរបិទផ្លូវតវ៉ា។

លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិប៉ិច ថ្លែងថា លោកមិនបានចូលរួមកិច្ចប្រជុំខាងលើនេះទេ ដោយឱ្យតំណាងគណបក្សចូលរួម ដើម្បីទទួលបានផែនការ និងសកម្មភាពរបស់គជប យកមកបន្ត ផ្សព្វផ្សាយ ទៅសមាជិករបស់គណបក្ស និងអង្គបោះឆ្នោត នៅតាមក្រុងស្រុកទាំងនោះ ឱ្យចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើយ៉ាងណា ឱ្យដំណើការបោះឆ្នោតនេះ ប្រព្រឹត្តិទៅដោយរលូន ។

អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពី ការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាទាំងនេះ ៕ យុទ្ធ វីរៈ CPA

ads banner