កម្ពុជា និង ខេត្តហៃណានរបស់ចិនគ្រោងចុះអនុស្សរណៈយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិការជំរុញសកម្មភាពសេដ្ឋកិច្ច
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា និងប្រតិភូខេត្តហៃណានរបស់ចិន បាន យល់ស្របលើគម្រោងក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាង ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។ជំហានបន្ទាប់ នឹងបង្កើតឱ្យមានអនុស្សរណៈនៃការយោគ យល់ គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កម្ពុជា) និងកំពង់ផែពាណិជ្ជ កម្ម សេរីខេត្តហៃណាន (ចិន) លើកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហៃណាន កាល ថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានថ្លែងថា សាធារណរដ្ឋប្រជាមានិតចិនដែលតែងតែមាន កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងជាមិត្តដែកថែបជាមួយកម្ពុជា លើការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធនានា ជាពិសេសនៅទីក្រុងព្រះសីហនុ (តំបន់សេដ្ឋកិច្ចពិសេស)។ប្រទេសចិនបានធ្វើការគាំពារនិងផ្តល់ជំនួយលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដល់កម្ពុជាពិសេសក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តមបានបន្ថែមថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម រវាងប្រទេសទាំងពីរ មានកំណើនគួរឱ្យកត់សម្គាល់ និងកាន់តែល្អប្រសើរ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កាលពីឆ្នាំ២០២០ បន្ទាប់មកបានចូលជាធរមានកាល ពីដើមឆ្នាំ២០២២ កន្លងទៅនេះ។បង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងការអញ្ជើញ បំពេញ ទស្សនកិច្ចនានារបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ នឹងជំរុញ ឱ្យសេដ្ឋកិច្ច វិនិយោគ ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែរីកធំឡើងជាលំដាប់ និងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីជំរុញ និងបើកទីផ្សាររវាងប្រទេសទាំងពីរ ដែលជាធ្នាក់ ឈានដល់ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងបន្តដល់ទីផ្សារអន្តរជាតិ។
ចំណែកលោក Shen Danyang អភិបាលរងខេត្តហៃណាននៃ សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា គោលបំណង សំខាន់ៗនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនាពេលនេះ គឺ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃការបង្កើតកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ ដែលសម្រួលដល់ការធ្វើ ពាណិជ្ជកម្មនិងវិនិយោគ និងបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន (ខេត្តហៃណាន)។
លោកបានបញ្ជាក់ថា៖« ខេត្តហៃណាន បានយល់ស្របលើគម្រោង ក្នុងការ បង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) លើកិច្ចសហប្រតិបត្តិការ ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយសង្ឃឹមថានឹងមានពិធី ចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងមានការផ្លាស់ប្តូរ ទស្សនកិច្ចរ វាង ប្រទេសទាំងពីរជាបន្តបន្ទាប់នាពេលខាងមុខ»។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា នៅថ្ងៃទី២២ ខែកុម្ភៈ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពិភាក្សា ការងារពាណិជ្ជកម្មជាមួយណៈប្រតិភូខេត្តហៃណាន របស់ចិនដែរ ដោយភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់មួយជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តហៃណាន និងសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ាបានបញ្ជាក់ថា៖«MoU រវាងក្រសួងពាណិជ្ជកម្មក៏ដោយ រវាង សភាពាណិជ្ជកម្មកម្ពុជាក៏ដោយ គឺកិច្ចព្រមព្រៀងមួយល្អ សម្រាប់ ជំរុញពាណិជ្ជកម្ម ទន្ទឹមនឹងពេលដែលយើងកំពុងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិនផង និងRCEP ផងនេះ ដែលជាឱកាស សម្រាប់វិស័យឯកជនទាំងសងខាងបានចាប់ដៃគូគ្នា ក្នុងការសហការ លើការវិនិយោគទៅវិញទៅមក»។
លោកបានបន្ថែម នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូចិននេះ មាន ក្រុមហ៊ុនឯកជនមកពីខេត្តហៃណា ប្រទេសចិនចំនួន៣៨ក្រុមហ៊ុន ដើម្បីមកស្វែងរកឱកាសដើម្បីវិនិយោគនៅកម្ពុជា ខណៈដែលពាណិជ្ជករ កម្ពុជា មកពី៦០ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យក ឱកាសវិនិយោគពីភាគីចិន ក៏ដូចជាចូលរួមក្នុងការអនុវត្តកិច្ចព្រមព្រៀង សេរីរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំទឹកប្រាក់ ៩៧២ លានដុល្លារ ធ្លាក់ចុះជាង១៨ភាគរយ៕
ដោយ៖វណ្ណ សុជាតា (CPA)