អាជ្ញាធរជាតិអប្សរារួមគ្នាធ្វើយុទ្ធនាការដាំដើមឈើ និងស្មៅ នាបរិវេណខាង ជើង ស្រះត្រពាំងសេះ
សៀមរាប៖ ដើមឈើចម្រុះចំនួនប្រមាណ ២ ០០០ ដើម រួមនឹងស្មៅ ជាច្រើន ទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុង សៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE ធ្វើយុទ្ធនា ការដាំ លើផ្ទៃដីសរុបជិតពីរហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេះ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អដីទំនេរ ដែលប្រជាពលរដ្ឋ បានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែល ជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ ដល់មនុស្សជាតិទាំងមូល ដែលកម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា យុទ្ធនាការនេះ មានការចូល រួមពីឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា, ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប, ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា, តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជន ប្រមាណ ៥០០នាក់។
នាឱកាសនោះដែរព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុង សៀមរាប មានថេរដីការថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋាន អង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្ត ទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។
ព្រះអង្គមានថេរដីការបញ្ជាក់ថា ៖ «យុទ្ធនាការដាំដើមឈើ និងស្មៅ នៅទីនេះ ក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរ ទីលំនៅ ចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបាន គាំទ្រនិងផ្តល់ ជូន។ ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃសិស្សានុ សិស្ស វិស័យ ឯកជន នានា គឺជាការចូលរួមចំណែកថែរក្សាទេសភាព វប្បធម៌ នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើរ»។
នាឱកាសនោះដែរឯកឧត្តម ហង់ ពៅ ក៏បានថ្លែងឡើងដែរថា រមណីយដ្ឋាន អង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានា លើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំ សោភ័ណ ភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែល ត្រូវគិតគូ ខ្ពស់។
លោកមានប្រសាសន៍ថា ៖ «អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាព ស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន»។
បើតាមការលើកឡើងរបស់ឯកឧត្តម ហង់ ពៅ ការដាំដើមឈើ និងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទី តាំងទៀត ដែលត្រូវដាំដុះឡើងវិញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។
លោកបានបន្តថា ក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមក ទស្សនាយ៉ាងច្រើនកុះករ៕
ដោយ៖នាង សុគន្ធា