ឯកឧត្តម វ៉ាត់ ចំរើន៖ ស៊ីហ្គេមនៅកម្ពុជា គឺជារបត់ថ្មីមួយដែល វិលទៅ រក ភាព ជា ស្តង់ដារ
ភ្នំពេញ៖ ការប្រារព្ធកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី ១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងក្លាយជារបត់ថ្មីមួយ ដែលវិលទៅរកភាព ស្តង់ដារឡើងវិញ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនៃការត្រៀម SEA GAMES- ASEAN Para Games 2023» នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។
ឯកឧត្តមលើកឡើងថា ថ្វីត្បិតថានេះជាលើកទី១របស់កម្ពុជាក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក៏ពិតមែន ប៉ុន្តែកម្ពុជាមានការប្ដេជ្ញា យ៉ាងមោះមុតឈានទៅកសាងកេរ្តិ៍ឈ្មោះនាឱកាសដ៏ល្អនេះ និងជាពិសេស ក្លាយ ជាប្រទេសដំបូងដែលចាប់អនុវត្តន៍នូវគោលការណ៍ស្តង់ដារឡើងវិញ បន្ទាប់ពីខកខានអស់ រយៈពេល២៣ឆ្នាំមកនេះ។
បើតាមឯកឧត្តម វ៉ាត់ ចំរើន ភាពខ្វះចន្លោះនៃស្តង់ដារ ក៏ដោយសារតែប៉ុន្មាន ឆ្នាំមកនេះពិភពលោក ជួបប្រទះនឹងបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ ដែល នាំឱ្យមានការខកខាន មិនបានប្រារព្ធព្រឹត្តិ ការណ៍នេះដោយពេញ លេញ និងត្រូវតាមស្តង់ដារដែលប្រទេសនីមួយៗធ្លាប់បានធ្វើកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «ស៊ីហ្គេមនៅកម្ពុជា ជារបត់ថ្មីមួយ ដែល ខុសប្លែកពីស៊ីហ្គេម ២-៣លើកមុនៗ។
យើងឃើញថាដោយសារតែបញ្ហាតំបន់ ស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ គឺស៊ីហ្គេម២-៣លើកមុននេះអត់គោរពស្តង់ដារទេ មិន មែនមិនគោរពទេ តែគេធ្វើអត់បាន»។ ដោយឡែកសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ត្រូវចំពេលវេលា ដែល ជំងឺកូវីដ១៩ មានភាពធូរស្បើយច្រើន ម្យ៉ាងស្របទៅនឹងការធ្វើជា ម្ចាស់ផ្ទះជាលើកទី១ក្នុងរយៈពេល ៦៤ឆ្នាំផង វាជាបទពិសោធន៍ដ៏ថ្មីសន្លាង ដែលកម្ពុជាត្រូវតែសម្រិតសម្រាំងក្នុងការទទួលយក។
ឯកឧត្តមបានបន្តថា៖ «ដោយសារតែបានខកខានអស់ប៉ុន្មានឆ្នាំ ឥឡូវ នេះគឺយើងងាកមកវិញ ស៊ីហ្គេមចាប់ផ្តើមពីកម្ពុជាទៅ យើងងាកទៅរក ស្តង់ដារវិញ ហើយបន្តស្តង់ដារនេះឱ្យល្អទៅថ្ងៃក្រោយទៀត»។
ក្នុងនោះផងដែរ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ រូបនេះ ក៏បានរៀបរាប់ជាឧទាហរណ៍នូវស្តង់ដារ មួយចំនួន ដែលប្រទេសជាម្ចាស់ផ្ទះត្រូវធ្វើ ដែលក្នុងមានដូចជា ធ្វើកន្លែង ស្នាក់នៅរួមដើម្បីធានាសុវត្ថិភាពកីឡាករនិងប្រតិភូអម ដែលកម្ពុជាហៅថា «ភូមិកីឡា», ការធ្វើម្ហូបអាហារសម្រាប់ស្វាគមន៍ភ្ញៀវដោយគោរពនូវ ស្តង់ដារ អនាម័យ «ហាឡាល់» ជាដើម ដោយហេតុថាអ្នកចូលរួមមានអ្នកដែលកាន់ សាសនាអ៊ិស្លាមផងដែរ។
សម្រាប់ភូមិកីឡានេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ពីការខិត ខំញាប់ដៃញាប់ជើង ក្នុងការបញ្ចប់ការ រៀបចំភូមិកីឡានេះឱ្យ បានកាន់ តែឆាប់ ដែលទីតាំងនេះនឹងក្លាយទៅជាកន្លែងស្នាក់របស់កីឡាករ ក៏ដូច ជាប្រតិភូ ជៀសវាងការឱ្យពួកគេទៅស្នាក់នៅតាមសណ្ឋាគារនានា។
ក្រៅពីនោះផងដែរ លោកក៏បានឱ្យដឹងទៀតថា ផ្នែកចរាចរណ៍ ការកកស្ទះ ផ្សេងៗ ក៏ខាងគណៈកម្មាធិការរៀបចំ បានសម្រួលរួចជាស្រេច ព្រមទាំងមា នការធានាថានឹងទទួលស្វាគមន៍ភ្ញៀវពីគ្រប់ មជ្ឈដ្ឋានយ៉ាងកក់ក្ដៅចេញពី បេះដូងតែម្ដង៕
ដោយ៖កែវ បុស្បា