សភាមិចស៊ីកអនុម័ត សេចក្តីព្រាងច្បាប់កែទម្រង់ការបោះឆ្នោត ប្រធានាធិបតី

ក្រុមសមាជិកសភានៃប្រទេស ម៉ិកស៊ិក បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ការបោះឆ្នោតប្រធានាធិបតី ដ៏ចម្រូងចម្រាស។ សមាជិកសភាម៉ិកស៊ិកទើបបានអនុម័តកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលដឹកនាំដោយប្រធានាធិបតី អេនត្រេស មែននូអែល ឡូប៉េស អូប្រា ដ (Andres Manuel Lopez Obrador) ដែលអ្នករិះគន់មើលឃើញថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតសំខាន់ៗ នាឆ្នាំក្រោយ។

សំណើកាត់បន្ថយទំហំ និងថវិការបស់ស្ថាប័នឯករាជ្យ ដែលទទួលបន្ទុករៀបចំការបោះឆ្នោតមួយនេះ ត្រូវបានអនុម័ត នៅក្នុងព្រឹទ្ធសភា ដោយសំឡេងគាំទ្រ ៧២ ទល់នឹង សម្លេង ៥០ ប្រឆាំង អំឡុងការបោះឆ្នោតអនុម័តរបស់សភា កាលពីថ្ងៃពុធ សប្តាហ៍នេះ។ ច្បាប់នេះ ឥឡូវឈានដល់ប្រធានាធិបតី ដើម្បីអនុម័ត ដោយត្រូវបានបោះឆ្នោតរួចហើយទាំងសភាជាន់ទាប និងសភាជានខ្ពស់ បន្ទាប់ពីមានការកែប្រែផ្សេងៗ។

ច្បាប់នេះគឺជាកំណែទម្រង់បន្ថែមទៀត ដែលដើមឡើយ ជំរុញឡើងដោយលោកប្រធានាធិបតី ឡូប៉េស អូប្រា ដ (Lopez Obrador) ដែលបង្កឱ្យមានការតវ៉ាតាមដងផ្លូវដ៏ធំប្រឆាំងនឹងការវាយប្រហារ ដែលគេយល់ឃើញថាកើតមានលើស្ថាប័នសំខាន់មួយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ((INE) ដែលជាស្ថាប័នត្រូវបានបង្កើតឡើង ដើម្បីការពារការបោះឆ្នោត ពីការរំខានផ្នែកនយោបាយ។ ស្ថាប័ន INE ធ្លាប់បានឲ្យដឹងថា សូម្បីតែការផ្លាស់ប្តូរ “ផែនការ B” មាន “ភាពខ្វះខាតដែលបង្កគ្រោះថ្នាក់ដល់ដំណើរការនៃដំណើរការបោះឆ្នោត”។

តែ លោក ឡូប៉េស អូប្រា ដ (Lopez Obrador) ចោទប្រកាន់ថា INE គាំទ្រការក្លែងបន្លំ កំលុងពេលដែលលោកមិនជោគជ័យ សម្រាប់តំណែងប្រធានាធិបតី ក្នុងឆ្នាំ ២០០៦ និង ២០១២ ហើយក្រោយមក នៅឆ្នាំ២០១៨ ទើបលោកឈ្នះ។

លោកប្រធានាធិបតីអះអាងថា ការកែទម្រង់របស់លោកនឹងធ្វើឲ្យប្រព័ន្ធបោះឆ្នោតប្រសើរឡើង។ យ៉ាងណាក្តី គណបក្សប្រឆាំងបានប្ដេជ្ញាជំទាស់នឹងកំណែទម្រង់នៅតុលាការកំពូល ហើយបានអំពាវនាវឲ្យមានការតវ៉ា តាមដងផ្លូវថ្មីៗ បន្ថែមទៀត៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner