លោក ត្រាំ ទៅទស្សនកិច្ចតំបន់រថភ្លើងបើកធ្លាក់ផ្លូវ នៅរដ្ឋអូហៃយ៉ូ

អូហៃយ៉ូ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ (Trump) បានទៅធ្វើទស្សនកិច្ចនិងពិនិត្យទីតាំង ដែលកើតមានឧបទ្ទេវហេតុរថភ្លើង បើកធ្លាក់ផ្លូវ នៅរដ្ឋ អូហៃយ៉ូ (Ohio) ។

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ (Donald Trump)
បានធ្វើទស្សនកិច្ចនៅតំបន់ អ៊ីស ប៉ាឡេស្ទីន (East Palestine) នៃរដ្ឋ អូហៃយ៉ូ (Ohio) ជាកន្លែងដែលរថភ្លើងដឹកទំនិញបានធ្លាក់ផ្លូវ កាលពីដើមខែនេះ ដោយពេលនោះ បណ្តាលឱ្យមានការបញ្ចេញសារធាតុគីមីពុល នៅក្នុងដី ខ្យល់ និងទឹក នៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio)។

អតីតប្រធានាធិបតីអាមេរិករូបនេះបានប្រាប់អ្នកស្រុកថា “យើងបានប្រាប់អ្នកយ៉ាងច្បាស់ហើយថា អ្នកមិនត្រូវបានបំភ្លេចទេ”។ លោក អតីតប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ពលរដ្ឋអាមេរិកនៅក្នុងតំបន់ដូច្នោះ បន្ទាប់ពីការដោះស្រាយរបស់ប្រធានាធិបតីអាមេរិក បៃឌិន (Biden) អំពីឧប្បត្តិហេតុនេះ។

លោក ត្រាំ (Trump) បានបន្ថែមថា “ទំនួលខុសត្រូវដែលអ្នកសមនឹងទទួលបាន យើងនឹងមានគណនេយ្យភាព យ៉ាងច្បាស់” ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបញ្ជាឱ្យក្រុមហ៊ុនផ្លូវដែក ន័រហ្វូក សោធឺន (Norfolk Southern) បង់ថ្លៃទាំងមូលនៃការសម្អាតរថភ្លើងដែលមានជាតិពុល នៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio) ភាគខាងលិច។

ការធ្លាក់រថភ្លើងដឹកទំនិញ កាលពីថ្ងៃទី ៣ ខែកុម្ភៈ នៅនៅតំបន់ អ៊ីស ប៉ាឡេស្ទីន (East Palestine) បានបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបានបង្កឱ្យមានការបញ្ចេញផ្សែងពុល រួមមានទាំង ប្រភេទ វីនយ៉ល់ ឈ្ល័រ រ៉ាយ (vinyl chloride) ដែលជាឧស្ម័នគ្មានពណ៌ ចាត់ទុកថាជាសារធាតុបង្កមហារីក ផ្អែកតាមវិទ្យាស្ថានជាតិ មហារីក របស់អាមេរិក។ អ្នកស្រុកជាច្រើនពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈដែលអាជ្ញាធរវាយតម្លៃពីគ្រោះថ្នាក់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner