អាមេរិកបង្កើនការគាំទ្រផ្នែកយោធាសម្រាប់សូម៉ាលី ដើម្បីប្រឆាំងនឹង ក្រុមជ្រុលនិយមអាល់សាបាប
អាមេរិក៖ សហរដ្ឋអាមេរិកនឹងបង្កើនជំនួយយោធារបស់ខ្លួនដល់ ប្រទេសសូម៉ាលី ខណៈប្រទេសនេះឃើញពីភាពជោគជ័យ ក្នុង ការប្រឆាំងនឹងក្រុមជ្រុលនិយមអាល់សាបាប ដែលសហរដ្ឋអាមេរិក ហៅថាជា «បណ្តាញក្រុមអាល់កៃដាដ៏ធំ និងសម្លាប់មនុស្សច្រើន បំផុត ក្នុងពិភពលោក»។
សហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាវុធ និង គ្រាប់រំសេវចំនួន ៦១ តោនបានដឹកទៅដល់ទីក្រុងម៉ូហ្គាឌីស៊ូ កាលពីថ្ងៃអង្គារ ក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិកលើការវាយ បកយោធាដឹកនាំដោយកងកម្លាំងសូម៉ាលី ប្រឆាំងនឹងក្រុមជ្រុល និយម អាល់សាបាប ដែលដណ្ដើមការកាន់កាប់សហគមន៍រាប់សិប ចាប់តាំងពីខែសីហាឆ្នាំមុន។
ក្នុងសេចក្តីថ្លែងការណ៍រួមដាច់ដោយឡែកមួយជាមួយដៃគូសន្តិសុខឈានមុខគេរបស់សូម៉ាលីផ្សេងៗទៀត ដូចជាកាតា តួកគី អេមីរ៉ាត អារ៉ាប់រួម និងអង់គ្លេស សហរដ្ឋអាមេរិកបាននិយាយថា ក្រុមប្រទេស ទាំងនេះនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សូម៉ាលីក្នុងការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ ដែលអាចអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិដកទណ្ឌកម្មអាវុធចេញពីប្រទេសរបស់ខ្លួនបាន។
សូមរំឭកថា រដ្ឋាភិបាលរបស់ប្រធានាធិបតីសូម៉ាលី លោក Hassan Sheikh Mohamud បានប្រកាសពីសង្រ្គាមពេញទីកាលពីឆ្នាំមុន លើក្រុមជ្រុលនិយមអាល់សាបាបរាប់ពាន់នាក់ ដែលគ្រប់គ្រងផ្នែកខ្លះ នៃប្រទេស និងធ្វើការវាយប្រហារបំផ្លិចបំផ្លាញក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះ។
ប្រតិបត្តិការវាយបកនាពេលបច្ចុប្បន្ននេះ មានការចូលរួមជាអន្លើៗពី សហគមន៍ និងកងជីវពលតាមមូលដ្ឋាន ដែលរស់នៅក្រោមគំនាប នៃគោលនយោបាយបង់ពន្ធដ៏ធ្ងន់ធ្ងររបស់ក្រុមអាល់សាបាប ចំពេល ដែលសូម៉ាលីកំពុងរងប្រឈមមុខនឹងគ្រោះរងស្ងួតធ្ងន់ធ្ងរដ៏អាក្រក់បំផុតក្នុងកំណត់ត្រារបស់ប្រទេស។ ជាទូទៅ រដ្ឋាភិបាលសូម៉ាលីទទួល បានជំនួយយ៉ាងឆាប់រហ័ស ហើយឥឡូវនេះ ប្រទេសជិតខាងរួមមាន អេត្យូពី កេនយ៉ា និងជីប៊ូទី បានយល់ព្រមលើយុទ្ធនាការយោធារួមគ្នា «ស្វែងរក និងបំផ្លាញ» ក្រុមជ្រុលនិយម។
បន្ថែមពីលើនេះ សូម៉ាលីកំពុងងើបឡើងវិញពីជម្លោះជាច្រើនទសវត្សរ៍ ហើយរដ្ឋាភិបាលសហព័ន្ធចង់ទាក់ទាញឱ្យមានការវិនិយោគក្នុងប្រទេស។ នៅក្រោមប្រធានាធិបតីបច្ចុប្បន្ន រដ្ឋាភិបាលកំពុងបង្រ្កាប បណ្តាញ ហិរញ្ញវត្ថុរបស់ក្រុមអាល់សាបាប និងលើកទឹកចិត្តអាជ្ញាធរ សាសនាឱ្យបដិសេធការឃោសនារបស់ក្រុមជ្រុលនិយម ថែមទាំង បានតែងតាំងអតីតអនុមេដឹកនាំអាល់សាបាប ឱ្យធ្វើជារដ្ឋមន្ត្រី ក្រសួង សាសនាបច្ចុប្បន្នរបស់ប្រទេសផងដែរ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានបុគ្គលិកយោធាប្រមាណ ៤៥០ នាក់ នៅ សូម៉ាលី ក្រោយលោកប្រធានាធិបតី ចូ បៃដិន ច្រានចោល ការសម្រេចចិត្តរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកទ័ព អាមេរិកចេញពីប្រទេសនេះ។ សហរដ្ឋអាមេរិកគាំទ្រកងកម្លាំងសូម៉ាលី និងកងកម្លាំងសហភាព អាហ្វ្រិកពហុជាតិ តាមរយៈការផ្ដល់ដ្រូនវាយប្រហារ ការស៊ើបការណ៍ និងការបណ្តុះបណ្តាលយោធាជាដើម។
ការបង្កើនការគាំទ្រលើប្រតិតបត្តិការវាយបកដឹងនាំដោយសូម៉ាលី ធ្វើឡើងខណៈកងកម្លាំងសហភាពអាហ្វ្រិកនឹងដកខ្លួនចេញ ហើយ ប្រគល់ការទទួលខុសត្រូវផ្នែកសន្តិសុខដល់ប្រទេសសសូម៉ាលីខ្លាំងឯងនៅចុងឆ្នាំ ២០២៤៕
ដោយ៖ហួន ឌីណា
ប្រភព៖ US increases military support for Somalia against al-Shabab https://apnews.com/article/somalia-united-states-alqaida-alshabab-dbe54d6015ad301d1338830a74ed9564