មេដឹកនាំបេឡារុសគាំទ្រផែនការសន្តិភាព នៅអ៊ុយក្រែនរបស់ចិន

បេឡារុស៖ លពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មេដឹកនាំបេឡារុស និង មេដឹកនាំចិនបានចូលជួបសំណេះសំណាលគ្នា ដោយប្រធានា ធិ បតីបេឡារុស លោក អេឡេកហ្សឹនដឺ លូកាហ្សេនកូ (Alexander Lukashenko) បានប្រាប់សមភាគីចិន លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ថា ប្រទេសរបស់លោកសូមគាំទ្រយ៉ាងពេញ នទំហឹងនូវសំណើរបស់ទីក្រុងប៉េកាំងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

គួរដឹងដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីប៉េកាំង ដោយប្រធានាធិបតី លូកាហ្សេនកូ ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំ របស់ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញផ្សាយឯកសារបង្ហាញពីគោលជំហររបស់ខ្លួនជុំវិញបញ្ហាសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដោយចិនបានអះអាងថាខ្លួនជាភាគីអព្យាក្រឹត និងអំពាវនាវឱ្យ មាន ការសន្ទនារវាងភាគីជម្លោះទាំងពីរ។

រហូតមកទល់ពេលនេះ បណ្តាប្រទេសលោកខាងលិចបានរិះគន់ ចិន ចំពោះការបរាជ័យក្នុងការថ្កោលទោសការឈ្លានពានរបស់ទីក្រុងម៉ូស្គូទៅលើទឹកដីអ៊ុយក្រែន ខណៈដែលទីក្រុងប៉េកាំងបានប្រតិកម្មខ្លាំងៗ ចំពោះ ការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) នាពេលថ្មីៗនេះថា ខ្លួនប្រហែលជាកំពុងពិចារណាលើ ការដឹកជញ្ជូនគ្រឿងសព្វាវុធទៅកាន់ប្រទេសរុស្ស៊ី។

ឯកសារស្ដីពីគោលជំហររបស់ចិនដែលបានចេញផ្សាយខាងលើ ត្រូវបានបណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដាក់មន្ទិលសង្ស័យ ខណៈ ដែលរុស្ស៊ីបានទទួលស្គាល់នូវសំណើមួយនេះ ប៉ុន្តែរុស្ស៊ីក៏ បានលើក ឡើងថា លក្ខខណ្ឌសម្រាប់ការដោះស្រាយជម្លោះ ដោយ សន្តិវិធីគឺមិន ទាន់មាននោះទេនៅពេលនេះ។

បន្ថែមលើនេះ កាលពីថ្ងៃពុធ លោក លូកាហ្សេនកូ បានបង្ហាញគោល ជំហរគាំទ្រយ៉ាងពេញទំហឹងទៅលើផែនការរបស់ចិនមួយនេះ។ បើយោងតាមប្រសាសន៍របស់លោកដែលបានចេញផ្សាយដោយជំនួយការរបស់លោកបានឱ្យដឹងថា «កិច្ចប្រជុំថ្ងៃនេះកំពុងប្រព្រឹត្តទៅ នៅក្នុង ពេលវេលាដ៏លំបាកមួយ ដែលទាមទារឱ្យមានវិធីសាស្រ្តថ្មី ខុសពីធម្មតា និងការសម្រេចចិត្តនយោបាយប្រកបដោយការ ទទួលខុសត្រូវខ្ពស់»។

លោក លូកាហ្សេនកូ បាននិយាយទៅកាន់លោក ស៊ី ថា ៖ «ជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែនគួរតែត្រូវបានកំណត់ទិសដៅឆ្ពោះទៅរកការ ទប់ស្កាត់មិនឱ្យធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាជាសកល រកអ្នកឈ្នះគ្មាន»។

លោកបន្តថា«នោះហើយជាមូលហេតុដែលបេឡារុសកំពុងដាក់ចេញនូវសំណើសន្តិភាព ហើយគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើម ស្តីពី សន្តិសុខអន្តរជាតិដែលចិនបានដាក់ចេញ»។

យោងតាមក្រដាសសន្ទរកថាគន្លឹះរបស់លោក ស៊ី ជីនពីង ដែល បានថ្លែងនៅក្នុងកិច្ចប្រជុំថា ៖ «ភាគីនានាគួរតែបោះបង់ចិត្ត គំនិត សង្រ្គាមត្រជាក់ទាំងអស់ ហើយធ្វើការរួមគ្នាដើម្បីកសាងសន្តិសុខនៅ អឺរ៉ុបដែលមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព»។ លោកបានបន្ថែមថា «បណ្តាប្រទេសពាក់ព័ន្ធទាំងអស់គួរតែបញ្ឈប់ការធ្វើនយោបាយ និងឈប់យកសេដ្ឋកិច្ចពិភពលោកមកធ្វើជាឧបករណ៍ប្រើប្រាស់ ប៉ុន្តែត្រូវធ្វើអ្វីដែលនឹងជួយជំរុញឱ្យមានបទឈប់បាញ់ ការ បញ្ចប់ សង្រ្គាម និងការដោះស្រាយវិបត្តិដោយសន្តិវិធី»។

សូមកត់សម្គាល់ថា ក្នុងដំណើរទស្សកិច្ចរបស់លោកប្រធានាធិបតី លូកាហ្សេនកូ លោកក៏បានចូលជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) នៅព្រឹកថ្ងៃពុធផងដែរ។ លោក លូកាហ្សេនកូ បានថ្លែងថា «ទីក្រុងប៉េកាំង និងទីក្រុងមីនស្ក៍ (Minsk) នៃប្រទេសបេឡារុសមិនមានរឿងដែលត្រូវលាក់បាំងនោះទេសម្រាប់កិច្ចសហប្រតិបត្តិការ»។ ប្រធានាធិបតីរូបនេះបានបន្តថា ៖ «ពួកយើងសហការគ្នាលើគ្រប់វិស័យទាំងអស់។ សំខាន់បំផុត យើងមិនដែលបានកំណត់ថាយើងមានភារកិច្ចត្រូវធ្វើជាមិត្ត ឬធ្វើការប្រឆាំងនឹងប្រទេសទីបីនោះទេ»។

នៅក្នុងវីដេអូឃ្លីបមួយបានបង្ហាញថាលោក លី ត្រូវបានគេស្ដាប់ ឮ លោកនិយាយប្រាប់លោក លូកាហ្សេនកូ ថា កិច្ចប្រជុំជាមួយលោក ស៊ី ទំនងជាអាចនឹងជួយឱ្យផែនការបន្ថែមទៀតនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកាន់តែមានផ្លែផ្កាបន្ថែមទៀត។

នាយករដ្ឋមន្ត្រីរូបនេះបានបន្តថា «យើងមានទំនុកចិត្តថា ទំនាក់ ទំនងរវាងបេឡារុស និងចិននឹងបន្តឆ្ពោះទៅមុខយ៉ាងប្រសើរ ដោយភាគីទាំងពីរបានកសាងទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត»។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ទីក្រុងប៉េកាំងបាន កោតសរសើរចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈ និង គ្រប់ជ្រុងជ្រោយរបស់ខ្លួនជាមួយទីក្រុងមីនស្ក៍ ខណៈដែលលោក លូកាហ្សេនកូ បានឱ្យដឹងថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយ មិត្តភក្ដិចាស់របស់លោក ពោលគឺលោក ស៊ី។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួ (Xinhua) បាន ឱ្យ ដឹងថា មេដឹកនាំបេឡារុសបានហៅជំហររបស់ចិនចំពោះវិបត្តិ នៅអ៊ុយក្រែនថាជាសក្ខីកម្មចំពោះគោលនយោបាយការបរទេសដោយសន្តិវិធីរបស់ខ្លួន ហើយក៏ជាជំហានថ្មីលើកដំបូងមួយដែលនឹង មានឥទ្ធិពល យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។

គួរកត់សម្គាល់ថា លោក ស៊ី បានជួបជជែកជាមួយលោក ពូទីន ជាច្រើនដងមកហើយចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ប៉ុន្តែលោក មិនដែលធ្លាប់បានជួបនិយាយជាមួយសមភាគីអ៊ុយក្រែនលោកប្រធានាធិបតី វ៉្លូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ម្ដងណានៅឡើយទេ។

ដោយឡែក ប្រទេសបេឡារុសជាប្រទេសដែលមានព្រំប្រទល់ជាប់ ទាំងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែផ្នែកហិរញ្ញវត្ថុ និងនយោបាយត្រូវពឹង អាស្រ័យលើការជ្រោមជ្រែងពីរដ្ឋបាលរបស់លោក ពូទីន ទាំងស្រុង។

កន្លងមក លោក លូកាហ្សេនកូ បានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ ប្រទេស បេឡារុសជាមូលដ្ឋានសម្រាប់ឈរជើងដើម្បីធ្វើការវាយ លុកទៅលើទឹកដីអ៊ុយក្រែន។ ការណ៍នេះបានធ្វើឱ្យទីក្រុងគៀវ (Kyiv) បានសម្តែងការព្រួយបារម្ភថាទីក្រុងមីនស្ក៍ អាចនឹង ផ្តល់ ការគាំទ្រលើសពីនេះទៀតទៅកាន់រុស្ស៊ី ក្នុងការធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន៕
ដោយ៖ធា សុណា
ប្រភព៖ https://www.channelnewsasia.com/world/belarus-president-alexander-lukashenko-hails-china-ties-ahead-xi-jinping-meeting-3315106

ads banner