ក្រសួងយុត្តិធម៌បង្ហាញទិសដៅជាអាទិភាពក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ក្នុងសន្និបាត បូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិស ដៅការងារអាទិភាពឆ្នាំ២០២៣ដែលបានរៀបចំឡើងនាថ្ងៃទី២៣ ខែ មីនា កន្លងមកក្រសួងយុត្តិធម៌បង្ហាញទិសដៅជាអាទិភាពនៃការធ្វើវិសោធនកម្ម ក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្ប វេណីនិងច្បាប់មួយចំនួនទៀត។

យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌បានបញ្ជាក់ដឹងថាបន្ទាប់ពីអង្គសន្និបាតបានពិភាក្សាគ្នាយ៉ាងផុលផុសរយៈពេលពេញមួយថ្ងៃ, អង្គសន្និបាត បាន ឯកភាព គ្នាដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌ ដោយផ្តល់អាទិភាពលើការងារសំខាន់ៗ រួមមាន៖ (១)-ការពិនិត្យ និងវាយតម្លៃអំពីការវិសោធនកម្ម ឬបច្ចុប្បន្នភាពក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី, (២)-ការជំរុញបញ្ចប់ការរៀបចំ និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ទៀតសម្រាប់វិស័យយុត្តិធម៌ រួមមាន ច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្តីពី អាជ្ញាសារ, ច្បាប់ស្តីពីលក្ខន្តិកៈសារការី, ច្បាប់ស្តីពីការគ្រប់ គ្រងនិងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ជាដើម, (៣)-ការបន្តពង្រឹងសមត្ថភាពធនធានមនុស្ស, ការជំរុញការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីអាជ្ញាសាលា, ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនឹងសេវាបកប្រែក្នុងដំណើរការនីតិវិធីតុលាការ, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងចាត់ចែងថវិកាសម្រាប់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី និង (៤)-ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។

ដោយឡែករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធបានលើកឡើងឱ្យ ដឹងថាបានបញ្ជាក់ពីការកែទម្រង់យុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី សម្តៅមានប្រព័ន្ធយុត្តិធម៌មួយប្រកបដោយទំនុកចិត្ត ឆ្លើយតបនឹងតម្រូវការ ពិតប្រាកដរបស់សង្គមកម្ពុជា។

ទន្ទឹមជាមួយគ្នាឯកឧត្តបានមានប្រសាសន៍ថាសម្រាប់ក្រមទាំង៤ ត្រូវបានគិតគូរ ជាមួយនឹងស្ថានភាពកម្ពុជា កាលពី២០ឆ្នាំ និងវាក៏ត្រូវបាន ប្រើប្រាស់ក្នុងសង្គមកម្ពុជាប្រមាណជាង ១០ឆ្នាំមកហើយ។ដូចនេះឃើញថា ដើម្បីវាយតម្លៃអំពីការអនុវត្តក្រមទាំងពីរនេះ ក៏ដូចជាច្បាប់ និងបទដ្ឋានគតិ យុត្តដែលមានការពាក់ព័ន្ធផ្សេងទៀត សម្តៅពិនិត្យមើលអំពីការលំបាកនានា ព្រមទាំងប្រសិទ្ធិក្នុងការអនុវត្តតាម ស្ថានភាពក្នុងសង្គមជាក់ស្តែងរបស់ កម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិចារណា ក្នុងការធ្វើវិសោធនកម្មវា៕ដោយ៖ម៉ាដេប៉ូ

