សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ស្ត្រីឆ្លងទន្លេ និងកុមារមានជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល

អត្ថបទដោយ៖
Kien Sereyvuth

កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកជំទាវ សុខ កែវ ច័ន្ទសារ៉ុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា និងឯកឧត្តម គង់ សៅភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា ភរិយាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាទៅផ្តល់ជូនដល់ស្ត្រីឆ្លងទន្លេ និងកុមារ ឈឺជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ខេត្តកណ្តាល។

មានមតិសំណេះសំណេះសំណាលលោកជំទាវ សុខ កែវ ច័ន្ទសារ៉ុន ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករឭក។ ជានិច្ចកាលសម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេសពីសុខភាពមាតា ទារក និងកុមារ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចក៏បានណែនាំដល់គ្រប់ស្ថាប័នទាំងអស់នៅទូទាំងប្រទេស ឲ្យចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលមាន ជីវភាពទីទ័លក្រនៅតាមសហគមន៍ ដោយនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដោយផ្ទាល់ដៃដល់ចាស់ជរាគ្មាន ទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍-អ្នកជំងឺអេដស៍ កុមារកំព្រា ស្រី្តឆ្លងទន្លេជាដើម ព្រមទាំង អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ។

លោកជំទាវបានសំណូមពរដល់បងប្អូនស្រី្តមានផ្ទៃពោះទាំងអស់នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ទៅជួបពិគ្រោះ ពិភាក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់តាមការកំណត់ ធ្វើដូចនេះ គឺក្នុងគោលបំណងឲ្យក្រុមគ្រូពេទ្យបានពិនិត្យ តាមដានអំពីបញ្ហាសុខភាពមាតា និងទារក ដើម្បីចៀសវាងខ្លាចជួបនូវប្រការគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងដោយយ ថាហេតុនៅពេលក្រោយ និងបានសំណូមពរដល់ គ្រួសារដែលកើតជំងឺគ្រុនឈាម ពេលទៅដល់ផ្ទះវិញត្រូវ សំអាតបរិស្ថាននៅជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតនៅក្នុង អាង ពាង និងកន្លែងដែលអាចដក់ទឹកបាន។

អំណោយដែលបានឧបត្ថម្ភជូនស្រ្តីសម្រាលកូនចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន៖ សារុង១ ថវិកា១០ម៉ឺនរៀល។ សម្រាប់ទារកម្នាក់ៗ៖ ឃីត១កញ្ចប់ និងមុងទារក១។ ដោយឡែកចំពោះគ្រួសារកុមារកើតជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ចំនួន១១នាក់ សាខាបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner