ក្រុមហ៊ុន កូកា-កូឡា សម្ពោធដាក់លក់ផលិតផលភេសជ្ជៈបង្កើនថាមពល Coca-Cola Energy ជាផ្លូវការនៅលើទីផ្សារកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បាននឹងកំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈវត្តមាននៃភេសជ្ជៈបង្កើនថាមពលរសជាតិកូកា-កូឡាដំបូងគេ មានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទីមួយ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលប្រកាសបើកសម្ពោធលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជា។

ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផលិតផលភេសជ្ជៈបង្កើនថាមពល Coca-Cola Energy ដែលត្រូវបានធ្វើឡើងនៅក្លឹបកម្សាន្តសោន កាលពីថ្ងៃយប់ទី១៧ ខែសីហា ឆ្នាំ២០១៩ លោកស្រី ទីជេ សុនហ្សា នាយក ផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូឆាយណា (IndoChina) បានមានប្រសាសន៍ថា  ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡា ចង់ផ្តល់ឱ្យគ្រប់គ្នានូវផលិតផលសម្បូរបែប ដើម្បីឆ្លើយតបតាមតម្រូវការនៃរបៀបរស់នៅ និងកាលៈទេសៈផ្សេងៗគ្នា។ លោកស្រីបានកត់សម្គាល់ពីដំណើរការវិវិឌ្ឍន៍ជាមួយសន្ទុះដ៏ខ្លាំងក្លា ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយវត្តមានភេសជ្ជៈ Coca-Cola Energy គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរស និងស្រ្តី ដែលពិតជាត្រូវការនូវថាមពលជាមួយរសជាតិអស្ចារ្យនេះ។

លោកស្រីបន្ដទៀតថា ផលិតផលថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy ដែលនឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន ខណៈរក្សានូវអត្តសញ្ញាណរបស់កូកា-កូឡា ដែលជានិមិត្តសញ្ញាដ៏ពេញនិយមទូទាំងពិភពលោក។ ជាមួយគ្នានេះ កូកា-កូឡា ត្រូវបានទទួលស្គាល់ថាជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍តឈ្មោះដ៏ល្បីល្បាញមួយនេះផងដែរ។

លោកស្រី បន្ថែមថា ផលិតផល Coca-Cola Energy មានគ្រឿងដូចជា កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា វីតាមីនបេ និងការលាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា-កូឡា ហើយរំពឹងថានឹងផ្តល់ជូនអ្នកពិសាគ្រប់គ្នានូវថាមពលបែបថ្មី។ លោកស្រី ទីជេ សុនហ្សា បានអះអាងទៀតថា យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជានឹងក្លាយជាទីផ្សារទីមួយនៅអាស៊ានដែលមានវត្តមានភេសជ្ជៈមួយនេះ។

កញ្ញា ឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy អាចរកទិញបាននៅគ្រប់បណ្តាញទីផ្សារពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ២៥០មីលីលីត្រ និងមានតម្លៃ២,០០០រៀលក្នុងមួយកំប៉ុង។

កញ្ញាបញ្ជាក់ថា តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជាដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបានគឺល្អលើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និងការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ កញ្ញាបញ្ជាក់បន្ថែមថា ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសកលភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់នូវអារម្មណ៍ស្រស់ស្រាយនឹកស្មានមិនដល់ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner