មេដឹកនាំជប៉ុន ប្ដេជ្ញាធានាសុវត្ថិភាពកិច្ចប្រជុំG7 ក្រោយរងការវាយប្រហារដោយគ្រាប់បែកផ្សែង
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានប្ដេជ្ញាធានាសុវត្ថិភាពនៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) ដែលនឹងត្រូវរៀបចំឡើងក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីមេដឹកនាំរូបនេះរងការវាយប្រហារដោយគ្រាប់បែកផ្សែងកាលពីថ្ងៃសោរ៍ចុងសប្ដាហ៍។
លោក គីហ្ស៊ីដា បាននិយាយនៅថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារថា៖ «ប្រទេសជប៉ុនទាំងមូលត្រូវតែខិតខំផ្តល់នូវសន្តិសុខជាអតិបរមាក្នុងកំឡុងពេលកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូល និងការជួបប្រជុំជាមួយឥស្សរជនផ្សេងទៀតមកពីជុំវិញពិភពលោក»។
លោកថ្លែងយ៉ាងដូច្នេះ ដោយសំដៅលើកិច្ចប្រជុំកំពូល G7 ដែលនឹងរៀបចំក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែឧសភាខាងមុខ ខណៈកាលពីថ្ងៃអាទិត្យផងដែរ G7 បានចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងប្រាំពីរ (ជប៉ុន អាមេរិក កាណាដា អ៊ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស) របស់ខ្លួន រយៈពេលបីថ្ងៃនៅទីក្រុង ការ៉ូអ៊ីហ្សាវ៉ា(Karuizawa )នៃខេត្តណាហ្កាណូ( Nagano )របស់ប្រទេស។
ការធានារបស់លោក គីហ្ស៊ីដា គឺជាការបន្ទរពីប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno ដែលបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ជប៉ុននឹងបង្កើនប៉ូលិសសន្ដិសុខ នៅពេលរៀបលោក គីហ្ស៊ីដា រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ និងមន្រ្តីប្រតិភូ G7 ក្នុងកិច្ចប្រជុំកំពូលនាំពេលខាងមុខ។
គួររំឭកថា ក្រុមអង្គរក្សបានសង្រ្គប់បញ្ជូនលោក គីហ្ស៊ីដា ចេញទៅកន្លែងសុវត្ថិភាពកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបុរសម្នាក់បានគប់ «គ្រាប់បែកផ្សែង» ទៅលើលោក អំឡុងពេលលោកឈរថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង វ៉ាកាយ៉ាម៉ា(Wakayama)។
ទោះបីជាលោក គីហ្ស៊ីដា ត្រូវបានជម្លៀសចេញដោយគ្មានរងរបួសអ្វីក៏ដោយ ក៏ការវាយប្រហារនេះបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងប្រទេសជប៉ុន ដែលរំឭកឡើងវិញពីការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក ហ្ស៊ីនស៊ូ អាបេ(Shinzo Abe) ដែលរងការបាញ់ប្រហារដោយកាំភ្លើងច្នៃ ពេលលោកកំពុងឈរថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសភាកាលពីខែកក្កដាឆ្នាំមុន។
ក្រោយការវាយប្រហារលោក គីហ្ស៊ីដា បុរសវ័យ ២៤ ឆ្នាំ ឈ្មោះ Ryuji Kimura ដែលកាន់ទាំងកាំបិតចុងស្រួច និង «វត្ថុផ្ទុះ» មួយទៀតផងនោះ ត្រូវបានប៉ូលិសចាប់ខ្លួន។ តែមិនទាន់មានសេចក្ដីរាយការណ៍ពីហេតុផលជាក់លាក់ ដែលធ្វើឱ្យបុរសរូបនេះ ធ្វើការវាយប្រហារនោះទេ។
ថ្លែងទៅកាន់តែអ្នកសារព័ត៌មានពីវិមាននាយករដ្ឋមន្រ្តីនៅទីក្រុងតូក្យូនាថ្ងៃអាទិត្យដដែល លោក គីហ្ស៊ីដា បាននិយាយថា ប្រទេសជប៉ុន មិនត្រូវអនុញ្ញាតឱ្យមានអំពើហិង្សា ដែលវាយប្រហារលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនោះទេ។
លោក គីហ្ស៊ីដា បានថ្លែងយ៉ាងដូច្នេះថា៖ «អំពើហិង្សាដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ មិនអាចអត់ឱនឱ្យបានទេ ។ អ្វីដែលសំខាន់គឺត្រូវអនុវត្តការបោះឆ្នោតនេះដល់ទីបញ្ចប់។ វាមានសារៈសំខាន់សម្រាប់ប្រទេសរបស់យើង និងសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង ដែលសំឡេងរបស់អ្នកបោះឆ្នោតត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការបោះឆ្នោត»។
គួរបញ្ជាក់ថា ជប៉ុននឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋានសម្រាប់សភាជាន់ទាប នៅថ្ងៃទី ២៣ ខែមេសា ខាងមុខ ដោយលោក គីហ្ស៊ីដា កំពុងចូលរួមយុទ្ធនាការដើម្បីគាំទ្រគណបក្សប្រជាធិបតេយ្យសេរីរបស់លោក៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Japan’s Kishida vows maximum security for G7, day after explosive thrown at him