កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមបានជាង ២៣ ម៉ឺនតោន ថយចុះជិត១៣ភាគរយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឱ្យដឹងថា នៅក្នុងរយៈពេល​បីខែ ចាប់ពីខែមករា ដល់មីនាកន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម សរុប  ២៣៣​ ០៥០ តោន ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៣២០លានដុ​ល្លារ។តួលេខនេះ​ថយចុះ ជិត១៣ភាគរយ ធៀបរយៈកាលដូចគ្នា​ក្នុងឆ្នាំ២០២២។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយ​ចន្ទីកម្ពុជា បានប្រាប់ឱ្យដឹង​ថា ក្នុងរយៈពេល​បីខែដើមឆ្នាំ២០២៣ កម្ពុជាផលិត​គ្រា​ប់ស្វាយចន្ទីឆៅ ២៦០ ០០០ តោន ។តួលេខនេះ សមាគមប្រមូលពីឃ្លាំងនាំចេញទៅវៀតណាមពីប្រាំមួយខេត្ត ដែលនាំចេញតាមសមុទ្រ និងមួយចំនួនបានពីខាងគយវៀតណាម និងសមាគមស្វាយចន្ទីវៀតណាម (Vinacas)។

លោកបានបញ្ជាក់ថា  ការថយចុះនេះ វាមិនមែនជារឿងគួរឱ្យព្រួយបារម្ភនោះទេ ព្រោះសមាគមបានព្យាករណ៍ទិន្នន័យតាំ​ងពីដើមឆ្នាំមកហើយ ហើយការនាំចេញធ្លាក់ចុះនេះដែរ ដោយសារតែតម្លៃគ្រាប់សើមនៅចុងខែ​បីនេះធ្លាក់ចុះ ដូចនេះ ស.​ស.​ក បានជម្រាបជូនដល់ស​មាគជិកសមាជិការបស់យើងឱ្យឈប់លក់​ហើយហាលទុក ពីព្រោះយើងរំពឹងថា ការហាលទុកនេះ នឹងអាចមានតម្លៃកើនឡើងនៅខែសីហា ខាងមុខនេះ។

លោក អួន ស៊ីឡុត បាន​បន្ថែមថា តាមការសង្កេតរបស់សមាគម ទិន្នផលស្វាយចន្ទីរបស់ពិភពលោកមិនមានការកើនឡើងច្រើ​ននោះទេ។ ដូចនេះសមាជិករបស់សមាគម ដែលមានលទ្ធភាពមានឃ្លាំង បានចាប់ផ្តើមហាលគ្រាប់ស្វាយចន្ទីទុក។ មួយវិញ ទៀ​ត សមាគមបានសិក្សាតែលើការនាំចេញទៅខាងប្រទេសវៀតណាមតែមួយទេ ដោយសារតែគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ស្ទើរតែ១០០ភាគរយ បាននាំចេញទៅវៀតណាម។

បើតាមលោក អួន ស៊ីឡុត ស្វាយយចន្ទីជាកសិផល ដែលបានផ្តល់ តម្លៃបន្ថែមខ្ពស់ រួមជាមួយទស្សនវិស័យ រយៈពេលវែងពោលគឺ ប្រាក់ចំណូល ពីតម្រូវការ សម្រាប់ទំនិញប្រណិតប្រភេទនេះ មនការកើនឡើង។ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេ​ញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។

លោកបានបញ្ជាក់បន្ថែមដូច្នេះថា ៖ «តាមការប៉ាន់ស្មាន មានកសិករ ចំនួន ២២ ០០០ នាក់ ហើយ មានប្រជាជនប្រ​មាណ ៣៨ ០០០ នាក់ កំពុងបម្រើការ ក្នុងខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទី បូករួម ទាំងកម្លាំងពលកម្មប្រចាំរដូវផងដែរ។ ប​ច្ចុប្បន្ននេះ ទិន្នផលស្វាយចន្ទី ស្ទើរតែទាំងអស់ត្រូវបាននាំចេញក្រោមរូបភាពមិនទាន់កែច្នៃប៉ុន្តែវាអាចនឹងផ្តល់ការងារ បន្ថែមចំ​នួន ១០ ០០០ ទៀត ប្រសិនបើ ផលិតផលគ្រាប់ស្វាយចន្ទីឆៅទូទាំងប្រទេសកម្ពុជា ត្រូវបានកែច្នៃ និងវេចខ្ចប់ក្នុងស្រុក»។

ជាមួយគ្នានេះដែរ លោក ណុក ប៊ុនថន ប្រធានសមាគមស្វាយចន្ទីកម្ពុជាសាខាខេត្តកំពង់ធំ បានឱ្យដឹងដែរថា សម្រាប់ខេត្តកំ​ពង់ធំ កសិករលក់គ្រាប់សើមច្រើនជាងហាលទុក ដោយសារតែបញ្ហាអាកាសធាតុ និងមិនមានទីតាំងសម្រាប់ហាលគ្រប់គ្រាន់ ខណៈដែលគ្រាប់ស្វាយចន្ទីសើមនេះ មានតម្លៃ ៤ ៣០០ រៀល ដោយតម្លៃធ្លាក់ចុះបើធៀបនឹងឆ្នាំមុន តែកសិករអាចទទួលយកបាន។

«ឈ្មួញកណ្តាលប្រាប់ថា គ្រាប់ស្វាយចន្ទីប្រមូលផលលើកនេះមិនសូវល្អទេ ដោយមានដង្កូវចោះភាគច្រើន។ បញ្ហាដង្កូវចោះនេះ​ ដោយសារតែមានភ្លៀងធ្លាក់កាលពីដើមឆ្នាំ ធ្វើ​ឱ្យដង្កូវពង និងបានចោះគ្រាប់មិនសូវល្អ។ យើងនៅខាងកំពង់ធំនេះ ពិ​បាក​ហាលទុកដោយសារភ្លៀងធ្លាក់ផង អាកាសធាតុមិនសូវក្តៅ ចឹងបើហាល អាចនាំឱ្យមានបញ្ហាខ្លាំង។ ប៉ុន្តែអ្នកដែលគេមានចំកា​រធំៗ គេហាលទុក ដើម្បីរងចាំលក់នៅអំឡុងខែ០៨ អាចបានថ្លៃ»។ នេះបើតាម​លោក ណុក ប៊ុនថន បានបញ្ជាក់​។

បើតាមសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) នៅក្នុងតំបន់អាស៊ី ប្រទេសតដែលអាចដាំដុះស្វាយចន្ទីបាន មានចំនួនប្រាំប្រទេសរួ​មមាន កម្ពុជា​​ ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ សម្រាប់កម្ពុជាខេត្តគោលដៅ ដែលមានការដាំដុះស្វាយចន្ទីច្រើនមានចំនួន១១ខេត្ត ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ៧០ម៉ឺនហិកតា។ ផលិតផល គ្រាប់ស្វាយចន្ទីឆៅក្នុងពិភពលោ​ក មានការកើនឡើង ១២ ដង ក្នុងរយៈពេល ៥០ ឆ្នាំ ចុងក្រោយនេះ ពោលគឺ ចាប់ពី តិចជាង ៣០០ ០០០ តោន ក្នុង ឆ្នាំ ១៩៦១ ដល់ ៣,៧ លាន តោន ក្នុង ឆ្នាំ ២០០៨។

នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១.០៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាទិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ៕

ដោយ៖វណ្ណ សុជាតា

ads banner