ក្រសួងសុខាភិបាល៖ កម្ពុជាមិនមាន​អ្នកឆ្លង​ជំងឺកូវីដ​១៩ឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនដំណឹងថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ​ក​ន្ល​ងមកនេះ​ នៅទូទាំងប្រទេស​មិនមានទិន្នន័យអ្នកឆ្លង​ជំងឺកូវីដ១៩ឡើយ ខណៈដែលមានការជួបជុំគ្នាទ្រ​ង់ទ្រាយធំ​នៅ​ស្ទើរគ្រប់រាជធានីខេត្ត​។

​តាមរបាយការណ៍របស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៧ ខែមេសានេះបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី​១៤ រហូតមកដល់ ថ្ងៃទី១៦ ខែមេសា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេលបីថ្ងៃកន្លងមកនេះ កម្ពុជាមិនមានអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩នោះឡើយ។

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​បាន​បង្ហោះ​សារ​លើ​បណ្ដា​ញធ្វីតធើ (Twitter) ​របស់លោកស្រី​​នា​ថ្ងៃទី១៥ ​ខែ​មេសាកន្លងមក​ដោយលើកឡើងថា ​លោកជំទាវមានការភ្ញា​ក់ផ្អើល និងមិ​ន​គួរ​ឲ្យ​ជឿថា មានមហាជន​ទៅដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ខេត្ត​ព្រៃវែងយ៉ាងច្រើន​ដូចនេះឡើយ។ ​

លោកជំទាវបានបញ្ជាក់ថា កាលដែលអាចជួបជុំគ្នាបានដោយទ្រង់ទ្រាយធំបែបនេះ ក៏ដោយសារតែកត្តាសន្តិភាព និងបុគ្គលិកសុខាភិបាល ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា បើគ្មានសន្តិភាព និងការគ្រប់គ្រងដោយជោគជ័យនៃកូវីដ១៩ យើងមិនអាចឃើញប្រជាពលរដ្ឋ​យ៉ាងច្រើនចូលរួមកម្សាន្ត សប្បាយរីករាយបែបនេះទេ។ សូមថ្លែងអំណរគុណយ៉ា​ងជ្រាលជ្រៅចំពោះសន្តិភាព និងបុគ្គលិកសុខាភិបាល ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ​១៩ ដើម្បីសង្គ្រោះជីវិត។

ទាក់ទិនរឿងនេះ លោក នុត សម្បត្តិ ប្រធាន​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានប្រាប់​នៅ​ថ្ងៃទី​១៧ ខែមេសាថា ​ទាំងនេះ​បង្ហាញថា កម្ពុជាអាចគ្រប់គ្រងបានល្អក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ ដែលមានការជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ហើយបើទោះបីជាឥលូវនេះ មិនមានអ្នកឆ្លងថ្មីក៏ដោយ ក៏ប៉ុន្តែលោកថាត្រូវរង់ចាំមើលរយៈពេលមួយសប្ដាហ៍ទៀត ពីព្រោះជំងឺនេះវាមិនអាចឆ្លងបានភ្លាមៗនោះទេ។

លោក នុត សម្បត្តិ បន្តថា៖ «ខ្ញុំថាកម្ពុជានៅតែមិនទាន់អស់នៅឡើយទេនៃជំងឺកូវីដ​១៩ ដែលយើងនៅតែបន្តប្រុ​ងប្រយ័ត្នជាប់ជានិច្ច និងមិនអាចព្រងើយកន្ដើយបានទេ ពីព្រោះជំងឺកូវីដ​១៩ ជាប្រភេទវីរុស វានៅជាប់ជា​មួយខ្លួនយើង បើកាលណាយើងភ្លេចខ្លួន វានឹងវាយលុកមកលើខ្លួនយើង»។

ប៉ុន្តែប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានឱ្យដឹងថា ចំ ពោះអ្នកដែលឆ្លង​ជំងឺកូវីដ១៩ ជាទូទៅពួកគាត់មិនចាំបាច់ទៅមន្ទីរពេទ្យនោះទេ ដោយអាច​ទិញថ្នាំបង្ការ និ​ងព្យាបាលដោយខ្លួនឯងបាន​។

លោកបន្តថា ​ក្រៅពីនេះទៀត លោកក៏ជឿថា ពួកគាត់ក៏មិនចាំបាច់ទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដើម្បីពិនិត្យរ​កជំងឺកូវីដ​១៩ដែរ ​ព្រោះបច្ចុប្បន្ន​ពលរដ្ឋអាចទិញឧបករណ៍តេស្ត​រក​កូវីដ​១៩ដោយខ្លួនឯងបាន ហេតុនេះទើ​បក្រសួងសុខាភិបាលថា ករណីវិជ្ជមាន​កូវីដ១៩​មិនមាន​នោះឡើយ​។

ទោះបីកម្ពុជាបានទប់ស្កាត់​កូវីដ​១៩ ទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែក្រសួងសុខាភិបាល និងអ្នកពាក់ព័​ន្ធ​ក៏ត្រូវតែបន្តចែករំលែកព័ត៌មានថ្មីៗពីស្ថានភាពជំងឺកូវីដ​១៩ និងការវិវត្ត​នៃជំងឺនេះ ទៅកាន់ប្រជាព​ល​រដ្ឋ​ឲ្យបានដឹង ​ព្រោះជារឿងមួយដែលសំខាន់ ដោយមិនត្រូវព្រងើយកន្ដើយនោះទេ។ លោក យង់ គិមអេង បញ្ជាក់។​

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣​ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន១​៣​៨​ ៧២៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៦៩នាក់ និងអ្នកស្លាប់សរុបចំនួន ៣ ០៥៦នាក់។

ដោយឡែក អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​១៧ ខែមេសា​ឆ្នាំ​២០២៣ ​លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់  មាន ៩៥,៥២ភាគរយ៕

ដោយ៖ជា សុខនី

ads banner