ពលរដ្ឋបានបន្តជិះរថយន្តក្រុងរបស់រដ្ឋត្រឡប់ពីស្រុកកំណើតវិញ ក្រោយចប់ពិធីបុណ្យចូលឆ្នាំ
ភ្នំពេញ៖ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បានបញ្ចប់ មានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរចាកចេញពីស្រុកកំណើតរៀងៗខ្លួនដោយបានប្រើប្រាស់មធ្យោបាយរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយចំណាយ និងត្រឡប់មកបំពេញការងាររបស់ខ្លួនឡើងវិញ។
នេះបើតាមការឱ្យដឹងពីបណ្តារដ្ឋបាលខេត្តមួយចំនួន និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញនៅទី១៧ ខែមេសា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា សម្រាប់ការធ្វើដំណើរពីភ្នំពេញ-ខេត្តសៀមរាប មានរថយន្តក្រុងចំនួន ១០០ គ្រឿង ដោយចេញដំណើរពីរង្វង់មូលទេពមច្ឆានៅជ្រោយចង្វារ តាមផ្លូវជាតិលេខ ៦ ទៅដល់ផ្លូវ ៦០ ម៉ែត្រខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ៖ «ក្នុងរយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ ការដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាបនិងពីសៀមរាបទៅភ្នំពេញដោយប្រើប្រាស់រថយន្តសរុបចំនួន ៣៣៩ ជើង ស្មើនឹង ១០ ០៧៥នាក់»។ ចំណែករដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងដែរថា ពលរដ្ឋនៅខេត្តបាត់ដំបង ឡើងរថយន្ដក្រុងដែលជិះមិនបង់ថ្លៃ
ប្រមាណជាងប្រាំពាន់នាក់ បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង តាមរយៈរថយន្តក្រុង ចំនួន៥០គ្រឿងក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
រីឯឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសាថា លោកបានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដោយឥតគិតថ្លៃពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញផងដែរ។ សម្រាប់ភ្នំពេញ-ខេត្តកំពង់ឆ្នាំង មានរថយន្តក្រុង ប្រាំគ្រឿង ចេញដំណើរពីសួនច្បារឫស្សីកែវ តាមផ្លូវជាតិលេខ ៥ ទៅដល់ចំណតរថយន្តផ្សារលើ។
ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីចំនួនប្រជាពលរដ្ឋដែលបានធ្វើដំណើរទាំងមុន និងក្រោយពិធីបុណ្យចូលឆ្នាំមកកាន់រាជធានីភ្នំពេញជាក់លាក់នៅឡើយទេ។
ជាមួយនេះរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានឱ្យដឹងដែរថា សកម្មភាពបេសកកម្មនៃការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា និងត្រឡប់មកវិញក្រោយបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ជិះដោយមិនបង់ប្រាក់ បានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។
សូមរម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ថា ដើម្បីជួយសម្រួលដល់ការចំណាយដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតប្រាក់ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង ខណៈសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺត្រូវបានប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង។
តាមរយៈ ការប្រកាសដឹកជញ្ជូនប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃនេះដែរ កន្លងមកត្រូវបានអ្នកជំនាញអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការចូលរួមកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ ខណៈអ្នកជំនាញបានអះអាងថា មធ្យោបាយនេះ នឹងរួមចំណែកកាត់បន្ថយការតម្លើងថ្លៃរថយន្តឈ្នូល និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕
ដោយ៖សែម ពិសី