រដ្ឋមន្ត្រីក្រសួងការងារ៖ ពលករខ្មែរធ្វើការនៅកូរ៉េ បានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០ លានដុល្លារ ជារៀងរាល់ឆ្នាំ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា ប្រជាពលរដ្ឋខ្មែរប្រមាណជាងប្រាំមួយម៉ឺននាក់ ដែលបាននិងកំពុងធ្វើការនៅប្រទេសកូរ៉េ បានផ្ញើប្រាក់ទៅគ្រួសារជាមធ្យម ៥០០ទៅ ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ ។ នេះជាការរួមចំណែកជួយគ្រួសាររបស់ខ្លួនផង និងចូលរួមជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងបែបនេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៣។ឯកឧត្តមបានបន្ថែមថា ពលករខ្មែរ ដែលបានទៅធ្វើការប្រទេសកូរ៉េ បានចំនួនប្រមាណជាងបួនម៉ឺននាក់ ក្នុងចំណោមប្រជាជនខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េសរុបជាងប្រាំមួយម៉ឺននាក់។ ឯកឧត្តមមានប្រសាសន៍ថា «នៅឆ្នាំ២០២៣នេះ ដោយសារតែពលករខ្មែរយើង ខិតខំធ្វើការងារកន្លងទៅបានល្អ បានធ្វើឱ្យការវាយតម្លៃរបស់ពលករខ្មែរយើង ឈរនៅលំដាប់ថ្នាក់ទី១ ក្នុងចំណោមពលករមកពីប្រទេសផ្សេងទៀត ដែលបាននឹងកំពុងធ្វើការនៅកូរ៉េនេះ។

ភាគីកូរ៉េបានសន្យានឹងបង្កើនចំនួនពលករដល់ចំនួនមួយម៉ឺននាក់ ឬលើសពីនេះ ដែលនេះជាព័ត៌មានដ៏ល្អបំផុត សម្រាប់បងប្អូនពលករយើង»។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងចំណោមពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស មានតែមកកូរ៉េទេដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ។ ម្យ៉ាងវិញទៀត ដោយសារតែការធ្វើការនៅប្រទេសកូរ៉េ ជាការងារដែលមានជំនាញខ្ពស់ផងនោះ ពលករខ្មែរទាំងអស់មិនត្រឹមតែអាចរកបា្រក់ចំណូលបានទេ ប៉ុន្តែគួរគប្បីសិក្សារៀនសូត្រលើជំនាញវិជ្ជាជីវៈនៅទីនេះបន្ថែម ដើម្បីអាចទទួលបានឱកាសការងារ ពេលត្រលប់ទៅខ្មែរវិញ ឬសន្សំថវិកាបានខ្លះ ដើម្បីអាចបើកមុខរបរដោយខ្លួនឯងបាន។

បើតាមឯកឧត្តម អ៊ិត សំហេង បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ដោយបានជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ មានការរីកចំរើនល្អណាស់។ ក្រៅពីការពង្រឹងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វិស័យនយោបាយផ្សេងៗរវាងកម្ពុជាកូរ៉េ ប្រមុខរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបើកឱកាសទីផ្សារការងារឱ្យខ្មែរយើងមកកូរ៉េ។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសាថា ពលរដ្ឋកម្ពុជាភាគច្រើនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការធ្វើការនៅប្រទេសកូរ៉េ ព្រោះប្រទេសនេះ
ដែលបានផ្តល់ប្រាក់បៀវត្សច្រើនជាប្រទេសដទៃទៀតដល់ពលករបរទេស។

លោកបានថ្លែងថា ៖ «យើងឃើញបងប្អូនពលករយើងជាច្រើន ដែលគាត់បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ក្រោយពីត្រលប់មកពីកូរ៉េវិញ ជាពិសេសអ្នកនៅផ្នែកកសិកម្ម ដូចជាការដាំដុះបន្លែតាមទំនើប និងធម្មជាតិជាដើម។ ពួកគាត់បានប្រើចំណេះជំនាញ និងបទពិសោធន៍ ដែលបានពីការធ្វើការ និងយល់ដឹងនៅប្រទេសកូរ៉េ មកអនុវត្តនៅស្រុកកំណើត។ ជាការពិតណាស់ ប្រាក់ចំណូលរបស់ពលករកម្ពុជាយើងបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ»។

លោក អន ប៊ុនហាក់ បានឱ្យដឹងទៀតថា ពលរដ្ឋកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ ទទួលបានប្រាក់ចំណូលច្រើន និងទទួលបានបទពិសោធន៍ការងារពីប្រទេសមួយ ដោយកន្លងទៅមានពលករកូរ៉េជាច្រើនមានជីវភាពធូរធារ និងមានដើមទុន ដើម្បីចាប់ផ្តើមអាជីវកម្មខ្លួនឯងបាន នៅពេលវិលត្រលប់មកពីកម្ពុជាវិញ៕
ដោយ៖វណ្ណ សុជាតា