រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដែលត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម។ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន។
ការដាក់ចេញវិធានការជាកញ្ចប់របស់រដ្ឋាភិបាលនៅពេលនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលនៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ។ជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាករណ៍របស់សេដ្ឋកិច្ចសកល, ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកល ជាដើម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់គណៈកម្មាធិការគោលនយោបាយ
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា បានលើកឡើងថា រាជរដ្ឋាភិបាលបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ដោយឡែកក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាល បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក»។ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលមិនទាន់
អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ។
បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូត ដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរ រដ្ឋាភិបាលក៏បានលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាង គ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយអនុលោមតាមប្រកាសចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាល ក៏នឹងលើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុន អភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថា ៖ «គណៈកម្មាធិការនឹងរៀបចំយន្តការការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ
សំដៅស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច»។
ទាក់ទងនឹងករណីនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការដាក់វិធានការជាកញ្ចប់របស់រាជដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យលើផ្នែកលំនៅឋាននេះ ដោយសារតែវិស័យនេះ មានភាពជាប់គាំងដែលបណ្តាលមកពី វិបត្តិសេដ្ឋកិច្ចសកល និងដើម្បីបន្តនិរន្តភាព និងរក្សអាជីវកម្ម លើផ្នែកនេះ នៅតែអាចដំណើការបាន និងចៀសវាងនៃគឡម្រោងបុរីនានា។
លោកបន្តថា ការដាក់ចេញនូវវិធានការទាំងឡាយនេះ ក៏ដើម្បីជួយទប់មិនឱ្យដួលរលំនូវគម្រោងអភិវឌ្ឍន៍បុរីនានា ក្នុងនោះដែរបុរីមួយចំនួនដែលលក់មិនចេញ និងគ្មានលទ្ធភាពក្នុងការបង់ពន្ធ ក៏ត្រូវបានពន្យារដោយរដ្ឋាភិបាល ពិសេសក៏បានស្នើឱ្យធនាគារ ដែលម្ចាស់បុរីជាប់ឥណទាន ធ្វើការរៀបចំឡើងវិញតាមគោលការណ៍ស្ម័គ្រចិត្តផងដែរ។
លោក គី សេរីវឌ្ឍន៍ ថ្លែងថា៖ «ទាំងអស់នេះ គឺដើម្បីរក្សានូវអាជីវកម្មបុរីនេះ ឱ្យនៅមានសកម្មភាព ហើយចៀសវាងនូវការដួលរលំ បើដួលរលំ ដូចករណីបុរីម៉ន ដានី នោះធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលទៅទិញផ្ទះនៅក្នុងបុរីនោះ។ ករណីនេះ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងជួយដល់ប្រជាពលរដ្ឋ នៅអ្នកទិញបុរីផង ជួយដល់ទីផ្សារអចលនទ្រព្យផ្នែកលំនៅឋាននេះ ផង»៕
ដោយ៖គឹម យុត្ថារ៉ូ
