របបយោធាមីយ៉ាន់ម៉ា លើកលែងទោសអ្នកទោសជាង ៣ ពាន់នាក់ សម្រាប់ឆ្នាំថ្មី
ណៃពិដោ៖រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី ១៧ ខែមេសា បានដោះលែងអ្នកទោសចំនួន ៣ ១១៣ នាក់ ដែលរួមមានទាំងជនបរទេសចំនួន ៩៨ នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា។
លោកឧត្តមសេនីយ Aung Lin Dwe រដ្ឋលេខាធិការនៃរបបយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការលើកលែងទោសគឺជា «ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ា ដើម្បីនាំមកនូវភាពរីករាយសម្រាប់ប្រជាជន និងដោះស្រាយបញ្ហាមនុស្សធម៌»។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលយោធាមិនបានបញ្ជាក់លម្អិតថាបុគ្គល ឬឥស្សរៈជននយោបាយសំខាន់ៗណាខ្លះ ត្រូវបានលើកលែងទោសនោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាបានចាប់ឃុំខ្លួនសកម្មជនប្រឆាំង និងសកម្មជានគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅដើមខែកុម្ភៈឆ្នាំ ២០២១ និងបានបង្រ្កាបលើអ្នកប្រឆាំង ដែលបង្កឱ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ដែលទាមទារឱ្យក្រុមយោធាដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់អំពើហិង្សា។ បើតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយមីយ៉ាន់ម៉ា មនុស្សយ៉ាងហោចណាស់ ១៧ ៤៦០ នៅស្ថិតក្រោមការឃុំខ្លួននៅឡើយ
ខណៈអំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសបានសម្លាប់មនុស្ស ៣ ២៤០ នាក់រាប់តាំងពីរដ្ឋប្រហារ។
គួររំឭកផងដែរថា ការលើកលែងទោសរបស់ក្រុមយោធា តែងធ្វើឡើងនៅពេលមានពិធីបុណ្យធំៗ ឬការប្រារព្ធអ្វីក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រោយរដ្ឋប្រហារឆ្នាំ ២០២១ រដ្ឋាភិបាលយោធាបានដោះលែងអ្នកទោសប្រហែល ២៣ ០០០ នាក់ ដោយក្រុមសិទ្ធិមនុស្សមួយចំនួនបានបង្ហាញការភ័យខ្លាចថា ការដោះលែងនាពេលនោះ ធ្វើឡើងដើម្បីទុកកន្លែងឃុំក្រុមប្រឆាំងយោធា និងបង្កភាពចលាចលផ្សេងៗនៅតាមសហគមន៍៕
ប្រែសម្រួល៖ហួន ឌីណា