ឯកឧត្តម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្តបញ្ចប់ទៅដោយជោគជ័យ និងបានបន្សល់ទុកស្នាមញញឹមរាប់លាន ដល់ពលរដ្ឋខ្មែរពីគ្រប់ទិសទី
សៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣រយៈពេលបីថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដែលបានបន្សល់ទុកនូវស្នាមញញឹមរាប់លានដល់ពលរដ្ឋខ្មែរពីគ្រប់ទិសទី។

ឯកឧត្តម ហ៊ុន ម៉ានី ឡើងលើកឡើងដូច្នេះតាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ខណៈពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់១៦ ខែមេសា ហើយដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) នៅរមណីយដ្ឋានតំបន់អង្គរ ខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅរដូវកាលចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២៣ នេះ ជាខួបទី១០ នៃវត្តមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើទឹកដីអង្គរដែលព្រឹត្តិការណ៍នេះបានពាំនាំយកនូវផ្ទាំងទស្សនីយភាពវប្បធម៌ ល្បែងប្រជាប្រិយខ្មែរ ទម្រង់របាំប្រពៃណីខ្មែរ កម្មវិធីសាសនា ពិសេសការស្រូបទាញជាគោលដៅទេសចរណ៍

និងកំណើនភ្ញៀវទេសចរជូនខេត្តសៀមរាប ជាមួយនឹងការបំបែកកំណត់ត្រាពិភពលោកជាច្រើនសម្រាប់កម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា ៖ «១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្រ្កាន្ត យើងក៏បានបង្កើតសមិទ្ធិផលជាច្រើនផ្សេងទៀតរួមគ្នា»។
ឯកឧត្តមបន្តថា ក្នុងនាមតំណាងដល់សហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រនិងផ្តល់កិត្តិយសដោយចូលរួមជាអធិបតីភាពបើកអង្គពិធីនិងជាពិសេសកិច្ចខិតខំរបស់រដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ១៩ ដែលញ៉ាំងឲ្យកើតមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាន។
ប្រធានស.ស.យ.ក. រូបនេះក៏ឆ្លៀតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប ១០ឆ្នាំ ប្រព្រឹត្តដោយជោគជ័យ ក្នុងនោះមានអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយសម្របសម្រួល លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិល្បករ ដែលបានចូលរួមតម្លើង និងសម្តែងផ្ទាំងទស្សនីយភាព និងអាជីវករ វិស័យឯកជន ដៃគូឧបត្ថម្ភ និងប្រជាពលរដ្ឋដែលបានដើរតួនាទីសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានបន្ថែមថា៖ «ចុងក្រោយ និងពិសេសជាងគេបំផុត គឺសូមអរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុម បងៗសមត្ថកិច្ច ក្រុមគ្រូពេទ្យ បងៗអនាម័យ ក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំណើរការរបស់អង្គរសង្រ្កាន្ត។ អ្នកទាំងអស់គ្នានេះហើយ គឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ»។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ ក្នុងឆ្នាំ២០២៣ នេះ បានបំបែកកំណត់ត្រាឯតទគ្គកម្មធំៗចំនួនពីរជាមួយស្ថាប័ន Guinness World Record គឺ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលជាកំណត់ត្រាបត់បេះដូងក្រដាសចំនួន ៣ ៩១៧ ៨០៥ បេះដូង និងកំណត់ត្រា «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក» ដែលមានអ្នកចូលរួមរាំចំនួន៤ ៩៩៩ នាក់។
ជុំវិញបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ទ្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធក្នុងដំណើរការកម្មវិធីអង្គរសង្ក្រាន្តនេះ ដោយលោកយល់ថា បានទទួលសមិទ្ធផលល្អច្រើនបូករួមការកោតសរសើរពីរង្វង់ប្រជាពលរដ្ឋខ្មែរភាគច្រើនក្នុងការរំលេចកម្មវិធីនានាសំដៅលើកកម្ពស់វប្បធម៌ខ្មែរ និងបានស្រូបទាញកំណើនទេសចរក្នុងអំឡុងរដូវចូលឆ្នាំប្រពៃណីខ្មែរនេះ។
លោកបានបន្តថា មិនត្រឹមតែនៅសៀមរាបប៉ុណ្ណោះទេ នៅបណ្តាខេត្តផ្សេងៗទៀតក៏មានការបង្កើតព្រឹត្តិការណ៍ស្រដៀងៗគ្នានេះដែរ។
លោក មាស នី យល់ថា ការបង្កើតព្រឹត្តិការណ៍ទាំងនេះ ជាកត្តាជំរុញចរន្តកំណើនសេដ្ឋកិច្ចជាតិ ជាមួយលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការបង្កើនប្រាក់ចំណូលជូនដល់មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ក្នុងស្រុកនេះ។
លោកបានថ្លែងថា ៖ «ធម្មតាទេ កាលណាមានភ្ញៀវទេសចរធ្វើដំណើរចុះឡើងទៅស្នាក់នៅ ទៅកម្សាន្ត។អ៊ីចឹង វាតែងធ្វើឲ្យសេដ្ឋកិច្ចតាមមូលដ្ឋានហ្នឹងវាដើរហើយ។ បើយើងនិយាយពីចរន្តសេដ្ឋកិច្ច កាលណាមានមនុស្សធ្វើដំណើរចុះឡើងច្រើន មានមនុស្សដើរចាយលុយ នោះសេដ្ឋកិច្ចនឹងកម្រើកឡើងវិញ»៕
ដោយ៖សំបាន ច័ន្ទដារ៉ា