លោក ពូទីន អះអាងថា កងទ័ពជើងទឹករុស្ស៊ីអាចទប់ទល់ក្នុងជម្លោះគ្រប់ទីកន្លែង

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកសរសើរការធ្វើសមយុទ្ធដ៏ធំរបស់កងនាវាប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ីនៅឯតំបន់ចុងបូព៌ា ហើយថា កងទ័ពជើងទឹករុស្ស៊ីពិតជាអាចទប់ទល់ក្នុងជម្លោះគ្រប់ទីកន្លែង។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានប្រាប់លោក ពូទីន អំពីការធ្វើសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្នុងនោះមានការចូលរួមពីកងទ័ពជើងទឹកជាង ២៥,០០០នាក់ នាវា ១៦៧គ្រឿង និងយន្តហោះ ៨៩គ្រឿង រួមទាំងយន្តហោះចម្បាំងផងដែរ។ លោកថា យោធារុស្ស៊ីក៏នឹងអនុវត្តការបាញ់មីស៊ីលចាប់ពីថ្ងៃទី១៨ ខែមេសានេះផងដែរ។

នាឱកាសនោះដែរ លោក ពូទីន បានអះអាងថា អាទិភាពកំពូលរបស់យោធារុស្ស៊ីគឺអ៊ុយក្រែន ហើយបន្ទាប់មក គឺការការពារជនជាតិរុស្ស៊ីនៅតំបន់ដុនបាស់ និងតំបន់ផ្សេងទៀត ដោយលោកបានសង្កត់ធ្ងន់ថា កងនាវាជើងទឹករុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងជម្លោះណាមួយ។

បើតាមអ្នកយកព័ត៌មានរបស់កាសែតជប៉ុន NHK ការលើកសរសើរយោធារុស្ស៊ីរបស់លោក ពូទីន ខាងលើនេះ គឺជាការបញ្ចេញប្រតិកម្មចំពោះក្រុមប្រទេស G7 ដែលបានអះអាងសាជាថ្មីនូវការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅប្រទេសជប៉ុន៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner