សហរដ្ឋអាមេរិក និងអង់គ្លេសជម្រុញឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់នៅប្រទេសស៊ូដង់
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក និងអង់គ្លេសអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវអំពើហឹង្សាក្នុងប្រទេសស៊ូដង់ ដែលការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងប៉ារ៉ា បានសម្លាប់មនុស្សកើនលើស ១០០នាក់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការប្រយុទ្ធគ្នា និងអំពើហិង្សាដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ ជាពិសេសការគំរាមកំហែងដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែមស៍ ក្លេវើលី បាននិយាយយ៉ាងដូច្នេះថា ពួកយើងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយវិលត្រឡប់ទៅរកការចរចា ហើយនោះគឺជាលទ្ធផលដែលភាគីពាក់ព័ន្ធចង់បាននៅទីបំផុត។

លោកបន្តថា យើងនឹងបន្តធ្វើការទាំងជាមួយមិត្តជិតស្និទ្ធរបស់យើង ទាំងសហរដ្ឋអាមេរិក និងមិត្តរបស់យើងនៅអាហ្វ្រិក និងពិភពអារ៉ាប់ដ៏ធំទូលាយ ដើម្បីនាំមកនូវការផ្លាស់ប្តូរឆ្ពោះទៅរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យស៊ីវិល។
ប្រមុខការទូតអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា អនាគតស្ថិតនៅក្នុងដៃរបស់មេទ័ពដែលចូលរួមក្នុងការប្រយុទ្ធនេះ ហើយពួកយើងអំពាវនាវឱ្យពួកគេដាក់សន្តិភាពជាមុនសិន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ហើយវិលត្រលប់ទៅរកការចរចាគ្នាវិញ។

នោះហើយជាអ្វីដែលប្រជាជនស៊ូដង់ចង់បាន… នោះហើយជាអ្វីដែលប្រជាជនស៊ូដង់សមនឹងទទួលបាន… ហើយយើងនឹងបន្តស្វែងរកមធ្យោបាយ ដើម្បីគាំទ្រផ្លូវនោះឱ្យត្រឡប់ទៅរកសន្តិភាពវិញ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា