ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម

ភ្នំពេញ ៖ យោង តាមរបាយការណ៍ របស់ គណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ម្សិលមិញនេះ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរក ជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុក សម្តេចក្រឡាហោម (ករណីលេខ ៧៧៨) ។

គណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស បានបញ្ជាក់ថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រតិបត្តិការទទួលបានសំណើស្នើសុំអន្តរាគមន៍ពីជនជាតិចិន ឈ្មោះ CHEN QING QING ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៤ លិខិតឆ្លងដែនលេខ EF4805484 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្រោយទទួលបានសំណើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការចុះស្រាវជ្រាវដល់ទីតាំង រកឃើញបុរសជនជាតិចិនរូបនេះកំពុងបម្រើការងារក្នុងក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានអញ្ជើញទៅស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ។

បន្ទាប់ពីស្តាប់ការបំភ្លឺ របស់សាមីខ្លួន បានឱ្យដឹងថា រូបគេបានចូលមកប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ភ្នាក់ងារស្វែងរកការងារ បានធ្វើការជាអ្នកកាត់តរូបភាពសម្លៀកបំពាក់ សម្រាប់លក់តាមប្រព័ន្ធអនឡាញ អំឡុងពេលធ្វើការនៅក្នុងក្រុមហ៊ុនរយៈពេល ០៦ខែ ខ្លួនពុំធ្លាប់ត្រូវបានគេបង្ខិតបង្ខំ បិទសិទ្ធិសេរីភាព ឬរងអំពើហិង្សានោះទេ។ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ សាមីខ្លួនបានដាក់ពាក្យសុំលាឈប់ពីការងារ ដើម្បីត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែដោយស្ថានភាពក្រុមហ៊ុនខ្វះបុគ្គលិកទើបអ្នកគ្រប់គ្រងស្នើសុំ ឱ្យរង់ចាំមួយរយៈសិន ដោយសារមិនអាចរង់ចាំបាន រូបគេបានបន្តស្នើសុំទៅទំព័រហ្វេសប៊ុកសម្តេច ក្រឡាហោម ដោយប្រឌិតថាខ្លួនត្រូវបានបង្ខាំងក្នុងទីតាំង។ ផ្អែកតាមការបំភ្លឺ និងពិនិត្យលើស្ថានភាព ជាក់ស្តែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះពុំមែនជាករណីបង្ខាំងដូចអ្វីដែលសាមីខ្លួនបានស្នើសុំ អន្តរាគមន៍នោះទេ ផ្ទុយទៅវិញរូបគេគ្រាន់តែចង់ឈប់ពីការងារភ្លាមៗតែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនឈ្មោះ CHEN QING QING ទៅមណ្ឌលត្រៀមបណ្ដេញចេញរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្ដរជាតិជ្រាបជាព័ត៌មាន ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner