ស្លាប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៥២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក នាថ្ងៃទី១៧ មេសាម្សិលមិញ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានកើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់ (ស្រី១០នាក់), របួសធ្ងន់ ៣៦នាក់ (ស្រី៦នាក់), របួសស្រាល ១៦នាក់(ស្រី៤នាក់) មិនពាក់មួក ៣១នាក់ (យប់១៦នាក់) ។
ក្នុងរបាយការណ៍ដដែលបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ១៦លើក (ស្លាប់ ១១នាក់), មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក (ស្លាប់៣នាក់)។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញ សេចក្តីអំពាវនាវសូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី