យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ប្រមាណជាង ៥ពាន់នាក់ នៅខេត្តបាត់ដំបង បានធ្វើដំណើរតាមរថយន្តក្រុងរាជរដ្ឋាភិបាល ដោយគ្មានបង់ប្រាក់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង យ៉ាងហោចណាស់ជាង ៥ពាន់នាក់ បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង ក្នុងឱកាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុងដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានផ្ដល់ជូនដោយជិះមិនបង់ប្រាក់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលទើបតែបញ្ចប់នេះ ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងក្នុងពេលដែលលោក ចុះសាកសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ បងប្អូនកម្មករ-កម្មការិនី ត្រូវវិលត្រឡប់ទៅភ្នំពេញវិញថា សម្រាប់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ គឺយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដែលសម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូន ធ្វើដំណើរទៅមក ដោយមិនគិតថ្លៃ ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុង ក៏បានសម្ដែងនូវចំណាប់អារម្មណ៍រំភើបរីករាយ និងបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញ នូវគោលនយោបាយក្នុងការផ្ដល់រថយន្តក្រុងឱ្យពួកគាត់បានជិះទៅមកដោយមិនបង់ប្រាក់។

សូមបញ្ជាក់ថា៖ តាមរយៈការផ្តល់រថយន្តក្រុងពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ខ្សែរត់តាមបណ្ដោយផ្លូវជាតិលេខ៥ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់រថយន្តក្រុង ចំនួន ៥០គ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋឲ្យមកលេងស្រុកកំណើតរបស់ខ្លួន និងត្រឡប់ទៅបំពេញការងារវិញដោយឥតគិតថ្លៃ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner