ត្រីមាសទី១ ឆ្នាំ ២០២៣ GDP របស់ចិន កើនឡើង ៤,៥ភាគរយ
ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ទុះឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុកនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ដោយតួលេខផ្លូវការនៅថ្ងៃទី១៨ ខែមេសា បានបង្ហាញថា ផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសចិន បានកើនឡើង ៤,៥ភាគរយ។

ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផ្អែកលើមូលដ្ឋានពីមួយត្រីមាសទៅមួយត្រីមាស ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង ២.២ភាគរយ នៅក្នុងខែមករា ដល់ខែមីនា ឆ្នាំ ២០២៣។

អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយកាសែតរ៉យទ័រ បានរំពឹងថាផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន នឹងបន្តកើនឡើង ៤.០ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលកើនឡើង ២.៩ភាគរយនៅក្នុងត្រីមាសទី៤។

ការបញ្ចេញរបាយការណ៍ពីកំណើនផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសចិនខាងលើនេះ កើតមានឡើងចំពេលដែលការប្រើប្រាស់ក្នុងស្រុកស្ទុះងើបឡើងវិញ ក្នុងគ្រាដែលប្រជាជនចិននាំគ្នាទៅទិញទំនិញតាមហាង និងចូលភោជនីយដ្ឋានបន្ទាប់ពីអាជ្ញាធរបានដកចេញការរឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កាលពីខែធ្នូឆ្នាំមុន៕



ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា