ក្រសួងអប់រំ និងអង្គការដៃគូ រៀបចំវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា “អប់រំសុខភាព” នៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា និងអង្គការដៃគូ សហការរួមគ្នារៀបចំវគ្គបំប៉នស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាពនៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តកំពត ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូ សម្រាប់រៀបចំផែនការបង្រៀនដល់សិស្សានុសិស្សសំដៅរក្សាបាននូវសុខភាពល្អជូនសិស្ស។

ពិធីបើកវគ្គបំប៉ននេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានិងមានការចូលរួមពីលោកស្រី សេក ស៊ីសុខុម នាយិកាកម្មវិធីនៃអង្គការថែទាំសុខភាពគ្រួសារកម្ពុជា(រ៉ាក់)រួមទាំងមានសិក្ខាកាមចូលរួមចំនួនសរុប ១២៨នាក់ (ស្រី ៤៥នាក់) ដែលជាបុគ្គលិកអប់រំមកពីការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត។
វគ្គបំប៉ននេះ ធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ឈូក ស្រុកឈូក ខេត្តកំពត ចាប់ពីថ្ងៃទី ១៧ ដល់២១ ខែឧសភាឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនថ្នាក់ទី៨ និងថ្នាក់ទី១១ ការអនុវត្តបង្រៀនសាកល្បងថ្នាក់និទស្សន៍ និងការរៀបចំផែនការបង្រៀនបន្តដល់សិស្សានុសិស្ស សំដៅរក្សាបាននូវសុខភាពល្អជូនសិស្ស និងក្រុមគ្រួសារ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលមុខវិជ្ជា “អប់រំសុខភាព” ទៅក្នុងកម្មវិធីសិក្សាគោល ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ ឥរិយាបថវិជ្ជមាន និងបំណិនចាំចាច់សម្រាប់ការថែទាំសុខភាពខ្លួន ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា តាមរយៈការអនុវត្តក្បួនអនាម័យ និងបរិស្ថានស្អាត កាត់បន្ថយជំងឺឆ្លង និងលើកកម្ពស់ការរស់នៅប្រកបដោយសុខភាព។ សម្រាប់មុខវិជ្ជាអប់រំសុខភាព មានសមាសភាគចំនួន៦ រួមមាន ទី១ សុខភាពបឋម ទី២ សុខភាពផ្លូវចិត្ត ទី៣ សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ទី៤សុខភាពនិងបរិស្ថាន ទី៥ សុខភាព និងជំនឿ និងទី៦ សុខភាពនិងសេដ្ឋកិច្ច ជាដើម៕ ដោយ៖ សុខ រក្សា