អាជ្ញាធររាជធានី នឹងផ្អាកចរាចរណ៍លើកំណាត់ផ្លូវមុនីវង្ស ដើម្បីសម្ពោធ “អគារតេជោអភិវឌ្ឍន៍” នៃមន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីរង្វង់មូលកួចកាណុងរហូតដល់ស្តុបBKCដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារតេជោអភិវឌ្ឍន៍”នៃមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី២១-២៣ ខែឧសភាខាងមុខ។

សេចក្តីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង ចុះថ្ងៃទី១៨ ខែឧសភា ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នបានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុចា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

តាមរយៈលិខិតរបស់ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖«ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ មហាវិថីព្រះមុនីវង្ស (ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុបBKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី»។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមមហាវិថីព្រះមុនីវង្ស មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ។

ពាក់ព័ន្ធនឹង “អគារតេជោអភិវឌ្ឍន៍” នេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង ធ្លាប់បានលើកឡើងថា អគារតេជោអភិវឌ្ឍន៍នេះ ត្រូវបានបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈ។ ឯកឧត្តមបន្តថា៖« គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងម៉េចចង់ឱ្យស្រុកយើងនេះ អាចព្យាបាលជំងឺបានកម្រិតខ្ពស់ នៅក្នុងស្រុកចៀសវាងទៅស្រុកគេ លើកលែងតែករណីណាយើងធ្វើមិនបាន»។

សូមជម្រាបថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។ អគារទំនើបថ្មីមួយនេះ មានប្រមាណ ៤៦៥ គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំង ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប៕ ដោយ៖ សុខ រក្សា

ads banner