លោក បៃដិន ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន មុនកិច្ចប្រជុំកំពូល G7

ហ៊ីរ៉ូស៊ីម៉ា៖ មេដឹកនាំក្រុមប្រទេស G7 បានមកដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនហើយ នៅថ្ងៃទី១៨ ខែឧសភា ដើម្បីថ្លឹងថ្លែងទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី និងការការពារផលប្រយោជន៍ប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅពេលគាត់ជួបនាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅថ្ងៃព្រហស្បតិ៍នេះថា យើងក្រោកឈរឡើងដើម្បីតម្លៃរួម ហើយរួមគ្នាគាំទ្រដល់ប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេការពារអធិបតេយ្យភាពប្រទេសរបស់ខ្លួន និងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពានដ៏ឃោរឃៅរបស់ខ្លួន។

បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ុលលីវ៉ាន បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍន៍នៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន និងការរឹតបន្តឹងទណ្ឌកម្ម ដែលយោងទៅតាមស្ថិតិផ្លូវការ បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះបន្ថែមទៀតរហូតដល់១.៩ភាគរយកាលពីត្រីមាសមុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចាក់សព្វាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីរារាំងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែការវាយលុកនៅនិទាឃរដូវដែលរំពឹងទុកជាយូរមកហើយ ដោយកងកម្លាំងរបស់អ៊ុយក្រែនមិនទាន់បានសម្រេចនៅឡើយទេ។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងចូលរួមថ្លែងសន្ទរកថាទៅកាន់មេដឹកនាំក្រុមប្រទេស G7 តាមរយៈតំណភ្ជាប់វីដេអូអនឡាញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner