ជនជាតិរ៉ូហ៊ីងយ៉ាកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ក្រោយព្យុះស៊ីក្លូនវាយប្រហារមីយ៉ាន់ម៉ា
ណៃពិដោ៖ ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌នៅក្នុងតំបន់នៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីព្យុះស៊ីក្លូនបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរកាលពីចុងសប្តាហ៍មុន។
ព្យុះស៊ីក្លូន ម៉ូកា បានបោកបក់នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ ខណៈដែលខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗបានបំផ្លាញផ្ទះជាច្រើនខ្នង។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ លំនៅដ្ឋានប្រហែល៤៥,០០០ខ្នងត្រូវបានគេរាយការណ៍ថា ត្រូវបានបំផ្លាញគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ស្របពេលដែលបុគ្គលិកយោធាបានផ្តល់អង្ករ ទឹកស្អាតបរិភោគ និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ផ្សេងទៀតនៅក្នុងរដ្ឋរ៉ាឃីនភាគខាងលិច ដែលមានប្រជាជនរ៉ូហ៊ីងយ៉ាជាច្រើននៅទីនោះ។
រដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងនឹងមេដឹកនាំយោធា បាននិយាយថា ព្យុះស៊ីក្លូនបានបណ្តាលឲ្យមនុស្ស៤៣៥នាក់ស្លាប់ រួមទាំងជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាផងដែរ ហើយតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេកំណត់គោលដៅក្នុងការបង្ក្រាបដោយរបបដឹកនាំយោធា។
រហូតមកទល់ពេលនេះ ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ មិនអាចទទួលបានសិទ្ធិចូលទៅកាន់តំបន់ ដែលក្រុមជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាងរស់នៅនោះទេ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា


