ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សាសនា បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ

ខេត្តព្រៃវែង៖ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងថា សាសនា គឺបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថានបណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សសម្រាប់បម្រើជាតិ និងសង្គម។ ការអប់រំផ្នែកពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ។

ឯកឧត្តម បណ្ឌិត បានរំលេចអំពី សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់ការសង្គ្រោះជីវិតប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណាជាសត្រូវ ហើយអាចរស់នៅជាមួយគ្នាបានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែររាប់ពាន់នាក់ និងនៅទូទាំងសាកលលោករាប់លាននាក់ តាមរយៈការដាក់ចេញនូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការនៃការចាក់ស្រោចវ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះអាយុជីវិតប្រជាជនម្តងទៀតក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជជំងឺកូវីដ១៩ ។

ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា៖ “កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ចនូវបាវចនារបស់ប្រទេស គឺជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១. ការពារជាតិ និងប្រជាជន, ទី២. ការពារសាសនា, ទី៣. ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញនូវរបបរាជានិយមបន្ទាប់ពីត្រូវបានរបបលន់នល់ និងរបបប៉ុលពត បានលុបបំបាត់ចោល ៕ ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner