មេដឹកនាំបក្សប្រឆាំងឈ្នះឆ្នោត លោក ភីថា កំពុងឈានទៅមុខយ៉ាងឆាប់រហ័សក្នុងការដេញថ្លៃ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ
បាងកក៖ មេដឹកនាំកម្លាំងប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃមានទំនុកចិត្តថា ពួកគេអាចបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមានស្ថិរភាព និងតុល្យភាព បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យកន្លងទៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយមេដឹកនាំគណបក្សផ្សេងទៀត នៅថ្ងៃទី១៨ ខែឧសភា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ បាននិយាយថា ពួកគេបានយល់ព្រមបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រឆាំងចំនួន៧ផ្សេងទៀត។
លោក ភីថា បន្តថា ពួកលោកនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ដែលបង្ហាញពីក្របខ័ណ្ឌសម្រាប់ក្រុមចម្រុះនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ គណបក្សទាំង៨បានយល់ព្រមគាំទ្រលោក ភីថា ឱ្យក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។
គណបក្សទាំង៨ខាងលើនេះ ក៏រាប់បញ្ចូលទាំងគណបក្សភឿថៃ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលឈរនៅលំដាប់ទីពីរក្នុងការបោះឆ្នោតសកលផងដែរ។
ប៉ុន្តែគេនៅចាំមើលថា តើពួកគេនឹងអាចបង្កើតរដ្ឋាភិបាលចម្រុះបានឬអត់? ខណៈដែលគណបក្សទាំងនេះបានឈ្នះអាសនៈសរុបជាង៣១០នៅក្នុងសភាជាន់ទាប។ ប៉ុន្តែពួកគេនៅតែត្រូវការប្រហែល៦០អាសនៈបន្ថែមទៀត រួមទាំងពីព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា



