លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7
តូក្យូ៖ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាន ធ្វើដំណើរទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទាំងប្រាំពីរ ឬហៅថា G7 Summit។ កិច្ចប្រជុំកំពូលនេះត្រូវបានគេយល់ឃើញថា បញ្ហា សង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន និងការកើនឡើង ឥទ្ធិពលរបស់ប្រទេសចិនក្នុងតំបន់ នឹងក្លាយជាកម្មវត្ថុសំខាន់ សម្រាប់ កិច្ចពិភាក្សា។
នៅក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានេះ លោក បៃដិន ត្រូវបានគេរំពឹងថានឹងខិតខំបញ្ចុះបញ្ចួលបណ្តាប្រទេសទាំង ៦ ផ្សេងទៀត ក្នុងការដាក់សម្ពាធទៅលើទីក្រុងមូស្គូបន្ថែម ដើម្បី បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងចូលរួមរាំងខ្ទប់ឥទ្ធិពល របស់ ទីក្រុងប៉េកាំង។
គួរដឹងដែរថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក បៃដិន បានចូល ជួបពិភាក្សាទ្វេភាគីជាមួយម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺលោក នាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) មុនពេល ដែលកិច្ចប្រជុំកំពូលត្រូវបានប្រព្រឹត្តទៅជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃសុក្រនេះ លោក គីស៊ីដា បានប្រកាសបើកកិច្ចប្រជុំ និងស្វាគមន៍មេដឹកនាំក្រុមប្រទេសទាំង ៧ ជាផ្លូវការនៅឯឧទ្យាន អនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងដែលធ្លាប់ទទួលរងការ ទម្លាក់គ្រាប់បែកបរមាណូលើកដំបូងពីសហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។
គួរបញ្ជាក់ថា សមាជិកនៃក្រុមប្រទេសទាំង ៧ មានដូចជា ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះនឹងមានវត្តមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ចូលរួមតាម អនឡាញ ផងដែរ។ បណ្ដាប្រទេសទាំងអស់នេះត្រូវបានគេរំពឹងថា នឹងប្រកាស ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី និងដាក់ចេញនូវ វិធានការ ដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្សេងៗដែលបង្កឡើងដោយប្រទេសចិន។
ក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យ ដែលសុទ្ធតែជាមហាអំណាច សេដ្ឋកិច្ចនេះ ក៏ត្រូវបានគេរំពឹងផងដែរថានឹងលើកយកបញ្ហា ជាច្រើនទៅពិភាក្សា ក្នុងនោះរួមមាន ការរំសាយអាវុធនុយក្លេអ៊ែរ បញ្ញាសិប្បនិមិត្ត ការប្រែប្រួលអាកាសធាតុ សន្តិសុខសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងបញ្ហាផ្សេងៗជាច្រើនទៀត។
ខណៈពេលដែលប្រទេស G7 ទំនងជានឹងបង្កើនការដាក់ សម្ពាធ ទៅលើទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ប៉ុន្តែការដាក់សម្ពាធធ្ងន់កម្រិត ណានោះ គេមិនទាន់ដឹងនៅឡើយទេ ដោយហេតុថាប្រទេសទាំង ៧ ហាក់មិនមានការចុះសម្រុងគ្នាត្រង់ចំណុចនេះនៅឡើយ។ ជាក់ស្ដែង ប្រទេសជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុបត្រូវបានគេមើល ឃើញថា មានការស្ទាក់ស្ទើរ ក្នុងការកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី និងចិន ឱ្យដូចទៅនឹងអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បាន។
កាលពីខែមុន យោងតាមកាសែត Financial Times បាន រាយការណ៍ ថា ប្រទេសជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុបបានច្រាន ចោលសំណើរបស់សហរដ្ឋអាមេរិកដែលបានស្នើសុំឱ្យបញ្ឈប់ការនាំចូលពីរុស្ស៊ី ដោយជប៉ុន និងបណ្ដាប្រទេសនៅអឺរ៉ុបបានចាត់ទុកថា វាជារឿងដែលមិនទំនង និងមិនសមហេតុផលទាល់តែសោះ។ កន្លងមក អ្នកការទូតនៅអឺរ៉ុបក៏ធ្លាប់បានលើកឡើងពីការព្រួយ បារម្ភអំពីសំណើររបស់សហរដ្ឋអាមេរិក ឱ្យបិទបំពង់បង្ហូរឧស្ម័ន ធម្មជាតិពីរុស្ស៊ីជាអចិន្ត្រៃយ៍ផងដែរ។
គួរកត់សម្គាល់ដែរថា លោក បៃដិន បាននិងកំពុងចូលរួមក្នុង កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសទាំង ៧ បន្ទាប់ពីលោកបាន លុបចោលផែនការដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) និងប្រទេសអូស្ត្រាលី ដើម្បីត្រឡប់ទៅសហរដ្ឋអាមេរិកវិញទាន់ពេលចូលរួមប្រជុំសភាអាមេរិកស្ដីពីការបង្កើនកម្រិតបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Al Jazeera US President Joe Biden arrives in Japan for G7 summit