សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើផ្ទាំងសិលា នៅបរិវេណវិមានឈ្នះ-ឈ្នះ
ភ្នំពេញ៖ មានប្រសាសន៍នៅពេលចាប់ផ្ដើមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។

សម្ដេច ក៏បានណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ចាត់ចែងរៀបចំឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជាធ្វើបានដោយជោគជ័យ លើផ្ទាំងសិលា នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឋានៈជាម្ចាស់ផ្ទះកម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ ដែលជាបដិការ។ ក៏ប៉ុន្តែ បើសមាជិកអាស៊ាន ស៊ីហ្គេម លើកលែងការមិនយកប្រាក់អស់ទាំងនោះ វាក៏បង្កើតនូវស្ថានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌអាស៊ានទាំងមូលផងដែរ។

សម្ដេចតេជោ បានបន្តថា ការមិនយកប្រាក់នេះ មិនមែនជាបញ្ហាដាច់ដោយឡែកទេ ប៉ុន្តែជា បញ្ហាសម្រាប់ពិចារណាឱ្យមានការធ្វើបច្ចុប្បន្នភាព និងអំពីដំណើរការទៅមុខ សម្រាប់សមាហរណកម្ម អាស៊ាន ។
សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានបិទបញ្ចប់ផ្លូវការកាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំការប្រកួតនេះ គឺទទួលបានលទ្ធផលមេដាយលើសពីការរំពឹងទុក ដោយដណ្តើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមាន មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៦គ្រឿង ៕


ដោយ វណ្ណលុក